ខេត្តកំពង់ធំៈឧត្ដមសេនីយ៍ទោសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី អជ្ញាធរដែនដី ចុះសាកសួរសុខទុក្ខអតីតយុទ្ធជន
ដែលធ្លាប់ជាយុទ្ធមិត្តរួមអាវុធ ក្នុងសម័យសង្គ្រាម ខណៈកំពុងតែមានជម្ងឺ និងបាននាំយកអាវរងារ និងស្បៀងអាហារព្រមទាំងថវិកា សម្តេចតេជោ ហ៊ុនសែន ប្រគល់ជូននៅព្រឹកថ្ងៃអាទិត្យទី០៥ខែធ្នូ ឆ្នាំ២០២១ នៅភូមិបាណក ឃុំ បារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ លោកប្រាក់ សាខន ធ្លាប់បានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ ១៩៨០ ហើយបច្ចុប្បន្នគាត់ជាអតីតយុទ្ធជនពិការមានអាយុ៨០ឆ្នាំ ព្រមទាំងមានជំងឺប្រចាំកាយ និងមានកូននិង ចៅជាច្រើននាក់នៅក្នុងបន្ទុក ដោយឡែកកាលពីជាង៤០ ឆ្នាំមុន គឺនៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ជាយុទ្ធមិត្ត រួមអាវុធជាមួយគ្នា នៅក្នុងអង្គភាពយោធាស្រុកបារាយណ៍ ខេត្តកំពង់ធំ ធ្លាប់មានអនុស្សាវរីយ៍ ជាច្រើនក្នុងការរួមចំណែកការពារសេចក្ដីសុខសាន្តជូនប្រជាជន នៅក្នុងមូលដ្ឋាន រួមចំណែកការពារទប់ស្កាត់មិនឲ្យរបបខ្មែរក្រហមវិលត្រឡប់ មកវិញបាន ។
ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានកោតសរសើរ ព្រមទាំងការនឹករលឹកនិងបាននាំយកនូវអាវរងាអំណោយ ដ៏ថ្លៃថ្លារបស់សម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន សម្រាប់ផ្ដល់ជូនគាត់ និងភរិយាប្រើប្រាស់ក្នុងរដូវរងានេះ ព្រមទាំងបាននាំយកនូវ ស្បៀងអាហារ និងថវិកាមួយចំនួនរបស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវពេជចន្ទមុន្នី មានអង្ករ ចំនួន១០០ គីឡូក្រាម មីជាតិចំនួនពីរកេសទឹកត្រីទឹកស៊ីអ៊ីវ ចំនួនពីរយួរ ទឹកសុទ្ធវីតាល់ចំនួនពីរកេស និងថវិកា មួយចំនួនមកឧបត្ថម្ភជូនគាត់ផងដែរ ។
លោកប្រាក់សាខន មានសេចក្ដីរំភើបក្តុកក្តួលក្នុងចិត្ត រកអ្វីមកប្រៀបផ្ទឹមពុំបាន ដែលមានថ្នាក់ដឹកនាំគ្រប់ លំដាប់ ថ្នាក់ តែងគិតគូរយកចិត្តទុកដាក់និងផ្ដល់ភាពកក់ក្តៅ ចំពោះគាត់និងសូមគោរពជូនពរសម្តេចតេជោប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត សូមមានសុខភាពល្អ បន្តដឹកនាំនាវាកម្ពុជាក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៍ជារៀងរហូត ៕ ដោយ ប៊ុន រដ្ឋា




































