អភិបាលខេត្តកំពង់ចាម​ កសាងវិមានឯករាជ្យ​ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់ប្រារព្ធខួបអនុស្សាវរីយ៍ ទិវាបុណ្យឯករាជ្យជាតិ

0

កំពង់ចាម​:​ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា ការកសាងវិមានឯករាជ្យ​ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីរំលេចនូវ​ស្នាព្រះហស្ថ ជាប្រវត្តិសាស្ត្រ នៃការអបអរសាទរ បុណ្យឯករាជ្យជាតិ ក្រោមព្រះរាជបូនីយកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់ របស់ព្រះបរមរតនកោដិ ព្រះបាទ នរោត្ដម សី ហនុ ដែលបានទាមទារឯករាជ្យ ពីអាណានិគមនិយមបារាំង នាថ្ងៃ៩ វិច្ឆិកា ឆ្នាំ១៩៥៣ ។
ថ្លែងយ៉ាងដូច្នេះក្នុងឱកាសដែល ឯកឧត្ដម រួមជាមួយ លោកជំទាវ​ និងឯកឧត្ដម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធីក្រុងពាលីបើកការដ្ឋានសាងសង់វិមានឯករាជ្យ ស្ថិតនៅក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម នាព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ ជាអភិបាលរងខេត្ត ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរ អង្គភាព ស្ថាប័នក្នុងខេត្ត និងអាជ្ញាធរមូលដ្ឋាន ព្រមទាំង តំណាងប្រជាពលរដ្ឋ ផងដែរ ។
ឯកឧត្ដម អ៊ុន ចាន់ដា បានបញ្ជាក់ទៀតថា ក្រៅពីនោះ ការកសាងសង់សំណង់ប្រវត្តិសាស្ត្រនេះ ក៏ជាផ្នែកមួយ បានបន្សល់ទុកនូវស្នាដៃប្រវត្តិសាស្ត្រ ជូនដល់ប្រជាពលរដ្ឋ ក៏ដូចជាកូនចៅជំនាន់ក្រោយ ។ ទន្ទឹមគ្នានោះ សំណង់វិមានឯករាជ្យនេះ ក៏បានចូលរួមចំណែក ក្នុងការលើកកម្ពស់សោភ័ណ្ឌភាព ក្រុងកំពង់ចាម និងការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ពេលមកលេងកំសាន្ត ក្នុងទឹកដីខេត្តកំពង់ចាម ក៏ដូចជាការចូលរួមប្រលងប្រណាំងចលនាទីក្រុងស្អាត នាឆ្នាំបន្តបន្ទាប់ខាងមុខផងដែរ ។
ឯកឧត្ដមអភិបាលខេត្ត ក៏បានបញ្ជាក់ដែរថា ផ្អែកតាមផែនការសាងសង់ គម្រោង នេះ គឺចាប់ផ្ដើមអនុវត្តចាប់ពីថ្ងៃទី៦ធ្នូ​ នេះតទៅ និងគ្រោងបញ្ចប់ ក្នុងរយៈពេល ១ឆ្នាំ ហើយនៅថ្ងៃទី៩ វិច្ឆិកា នៃការប្រារព្ធខួបអនុស្សាវរីយ៍ បុណ្យឯករាជ្យជាតិ សម្រាប់ឆ្នាំ២០២២ យើងនឹងយកថ្ងៃនោះ ដើម្បីដាក់សម្ពោធនូវសមិទ្ធផលនេះ ផងដែរ ។
គួរកត់សម្គាល់ថា ទីតាំងដែលអាជ្ញាធរ សម្រេចសាងសង់វិមានឯករាជ្យ នាពេលនេះ គឺស្ថិតនៅចំណុចផ្លូវកៅស៊ូ ខាងមុខច្រកចូលទៅសាលាគរុកោសល្យ ខេត្តកំពង់ចាម ។ ជាមួយនោះ អាជ្ញាធរ ក៏បានសាងសង់ពង្រីកផ្លូវឲ្យធំទូលាយ នៅចំណុចរង្វង់មូល ជុំវិញវិមានឯករាជ្យនេះ រួមទាំង ការពង្រីកផ្លូវបន្ថែម ចាប់ពីចំណុចរង្វង់មូលនាគព័ន្ធ រហូតមកដល់ចំណុចទន្លេអុំ ។ ដោយឡែក ដើម្បី សម្រួលដល់កិច្ចដំណើរការ នៃការដ្ឋាន អាជ្ញាធរ ក៏បានផ្អាកការចរាចរណ៍ជាបណ្ដោះអាសន្ន ត្រង់ចំណុចកំណាត់ផ្លូវលេខ ៧ចាស់ មួយរយៈសិន ដោយបង្វែទិសចរាចរណ៍ តាមផ្លូវលេខ ៧ ថ្មី ឬវាងតាមទន្លេអ៊ុំវិញ ផងដែរ ៕