កំពង់ឆ្នាំង៖ បុគ្គល២នាក់ពាក់ព័ន្ធករណីកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋបានធ្វើកិច្ចសន្យាបញ្ឈប់ រួចនៅតែបន្តសកម្មភាពទៀតនោះត្រូវបានសមត្ថកិច្ចនៃមន្ទីរបរិស្ថានខេត្តកំពង់ឆ្នាំងបានធ្វើការនាំទៅបង្ហាញខ្លួន នៅអយ្យការអមសាលា ដំបូងខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ នេះ។
តាមប្រភពបានឲ្យដឹងថាការនាំខ្លួនបុគ្គលទាំង២រូបនេះ ចូលមកបង្ហាញខ្លួននៅអយ្យការអមសាលា ដំបូងខេត្តកំពង់ឆ្នាំងនេះធ្វើឡើងតាម ដីកាបញ្ជាឱ្យចូលខ្លួនលេខ ២៧៤១អ.ក / ២១ និង លេខ២៧៤២.អក/២១ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ របស់អយ្យការ អមសាលាដំបូងខេត្តកំពង់ឆ្នាំង។
បុគ្គលដែលកម្លាំងសមត្ថកិច្ចនៃមន្ទីរបរិស្ថាន ខេត្តកំពង់ឆ្នាំងនាំខ្លួនចូលមកអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង តាមដីកាបញ្ហាឲ្យចូលខ្លួន របស់តំណាងអយ្យការអមសាលាខេត្ត ១-ឈ្មោះ ជុំ ពិសិដ្ឋ ហៅ លោកគ្រូសិដ្ឋ ភេទ ប្រុស អាយុ ៤៩ឆ្នាំ មានទីលំនៅភូមិពាមទន្ល ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។ និងឈ្មោះ ក្រឹង មាលា ហៅ មីង លា ភេទ ស្រី អាយុ ៥២ ឆ្នាំ មានទីលំនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
សូមរម្លឹកថាកន្លងមកយោងតាមសេចក្តីរាយការណ៍ពីប្រជា ពលរដ្ឋបានឲ្យដឹងថា បុគ្គលឈ្មោះ ជុំ ពិសិដ្ឋ (ហៅគ្រូសិដ្ឋ) មានតួនាទីជានាយកសាលា បឋម សិក្សាសំរោងកង្រី រូបនេះមិនដឹងជាសំអាងអ្វី ឬមានអ្នកនៅក្រោយខ្នងធំប៉ុនណាទេ បានជាហ៊ានឲ្យប្រជាពលរដ្ឋ ចូលទៅកាប់រានដីព្រៃសហគមន៍ ហើយខ្លួនឈរទិញ ក្នុងមួយហិកតាចាប់ពី៤៥០០ដុល្លា ទៅ៥០០០ដុល្លា យ៉ាងគគ្លើន។
ដីព្រៃបរិស្ថានដែលប្រជាពលរដ្ឋចូលទៅកាប់រានលុក លុយលក់ឲ្យលោក ជុំ ពិសិដ្ឋ (ហៅគ្រូសិដ្ឋ) ស្ថិតនៅចំណុចភ្នំតូច ចំណុចភ្នំឃា ចំណុចត្រពាំងដំរី ដែលជាតំបន់ជាប់គ្រប់គ្រងដោយបរិស្ថាន ស្ថិតនៅភូមិពោធិ៍ ឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង។
ប្រភពខាងលើបានអះអាងឲ្យដឹងទៀតថាដីព្រៃនៅចំណុចខាងលើពេលនេះបើទោះជាគ្រប់គ្រងដោយរដ្ឋយ៉ាងណាក្តី គេបានសង្គេតឃើញថាក្លាយទៅជាទី ផ្សារលក់ដូរដីបរិស្ថានយ៉ាងសេរីគ្មានការរំខានពីមន្ត្រីជំនាញ ឬសមត្ថកិច្ចពាក់ព័ន្ធឡើយ ។
ក្នុងការបង្កឲ្យមានសកម្មភាពកាប់រានដីព្រៃ និងឈរទិញដីព្រៃយ៉ាងគគ្លើនបែបនេះ តាមសេចក្តីរាយ ការណ៍បានឲ្យដឹងថា លោក ជុំ ពិសិដ្ឋ (ហៅគ្រូសិដ្ឋ) បាននិយាយអួតក្អេងក្អាង អះអាងជាមួយប្រជា ពលរដ្ឋដែលខ្លួនតម្រូវឲ្យចូលទៅកាប់រានដីព្រៃនោះថា «កាប់ទៅ !ថាខ្ញុំ គ្រូសិដ្ឋ ជាអ្នកឲ្យកាប់! ឲ្យប្តឹងបរិស្ថានទៅ! ប្តឹងចៅហ្វាយខេត្តទៅ ថាគាត់ជាអ្នកកាប់! អត់ស្គាល់គាត់ជាអ្នកណាទេឬ? ហេតុអីបានជារីឯងចេះតែសួរខ្ញុំថាមានចង្កូមឬអត់? យីអត់ស្គាល់ គ្រូសិដ្ឋ ទេឬ? ត្រង់កន្លែងណាមាន គ្រូសិដ្ឋ ជៀសចេញឲ្យឆ្ងាយជាបន្ទាន់! » ។ សំដី និងកាយវិការរបស់លោក ជុំ ពិសិដ្ឋ (ហៅគ្រូសិដ្ឋ) រូបនេះធ្វើឲ្យដែលចូលទៅកាប់រាននោះមានទឹកចិត្តពុះកញ្ជ្រោលមិនញញើតច្បាប់ ឯប្រជាពលរដ្ឋស្លូតត្រង់ដែលមានបំណងចូលរួមការពារដីព្រៃ ធនធានជាតិ បរិ ស្ថានធម្មជាតិ នោះមិនហ៊ានចូលជិតឡើយ សូម្បី អាជ្ញាធរឃុំពោធិ៍ និងមន្រ្តីជំនាញបរិស្ថានគ្រាន់តែឮឈ្មោះគ្រូសិដ្ឋ មកជិតក៍មិនហ៊ាន។ ប្រជាពលរដ្ឋ ក្នុងឃុំពោធិ៍ដែលបានដឹងរឿងនេះ និយាយតៗគ្នាថាតំបន់នោះហាក់ក្លាយជាទីតាំងតំបន់អប្បគមន៍ ដែលគ្រប់គ្រងដោយលោក ជុំ ពិសិដ្ឋ អញ្ជឹង ប្រជាពលរដ្ឋណាហ៊ានកាប់ព្រៃបរិស្ថានលក់ឲ្យលោក ជុំ ពិសិដ្ឋ នោះបានលុយ ប្រជាពលរដ្ឋដែលគោរពច្បាប់មិនហ៊ានកាប់ព្រៃបរិស្ថានលក់គឺអត់បានអ្វីទាំងអស់សូម្បីធនធានធម្មជាតិក៍ត្រូវរលាយ ។
តាមប្រភពព័ត៌មានមួយទៀតបានបង្ហើបឲ្យដឹងថាកន្លងមកកាលពី លោក ជុំ ពិសិដ្ឋ នេះជាអ្នកឈរ ឈ្មោះទិញដី និងជាអ្នករៀបដីឲ្យអ្នកធំក្នុងខេត្តម្នាក់
នៅចំណុចភ្នំដី ខាងជើងបឹងអាលំជីងចក់ ជាដីជាប់តំបន់២ និងតំបន់៣ ដែលស្ថិតនៅភូមិដំណាក់កកោះ ឃុំពោធិ៍ ស្រុកកំពង់លែងខេត្តកំពង់ឆ្នាំង រាប់សិបហិកតា។ តែពេលនេះលោក ជុំ ពិសិដ្ឋ មិនដឹងជាទិញដីនៅតំបន់ក្នុងដែនបរិស្ថានខាងលើនេះ ឲ្យទៅអ្នកណាទៀតនោះទេ ៕