ខេត្តសៀមរាប : ប្រធានកិច្ចប្រជុំក្រុមការងារអន្តរក្រសួង ចុះពិនិត្យ និងចាត់វិធានការបង្ក្រាបការទន្ទ្រានដីរដ្ឋក្នុងដែនព្រៃលិចទឹក នៃ តំបន់ទន្លេសាបនៅខេត្តសៀមរាប វាយតម្លៃថា តាមការអះអាងរបស់អាជ្ញាធរខេត្ត តំបន់៣នៃខេត្តមួយនេះ អាចនឹងគ្រប់ គ្រងបានទាន់ពេលវេលា ក៏ប៉ុន្តែការរំលោភបំពានដែលមានពីមុន គឺមិនអាចឲ្យជនល្មើសរួចខ្លួនបានឡើយ ។
ក្រោមវត្តមានរបស់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កិច្ចប្រជុំបន្ទាន់របស់ក្រុមការងារអន្តរក្រសួងចុះពិនិត្យ និងចាត់វិធានការបង្រ្កាបការទន្ទ្រានដីរដ្ឋ ក្នុងដែនព្រៃលិចទឹក នៃតំបន់បឹងទន្លេសាបនៅខេត្តសៀមរាប ត្រូវបានធ្វើឡើងនារសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ នៅសាលាខេត្តសៀមរាប។
នៅក្នុងរបាយការណ៍ស្តីអំពីវឌ្ឍនភាពការងារនៃការចុះពិនិត្យ និងស្រាវជ្រាវការទន្ទ្រានកាន់កាប់ដីរដ្ឋ ក្នុងដែនព្រៃលិច ទឹកនៅតំបន់បឹងទន្លេសាបនៃខេត្តសៀមរាប ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត បានឲ្យដឹងថា ខេត្ត សៀមរាបបានរៀបចំកសាងផែនទីបឋមមួយ ដោយផ្អែកលើអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១១ ដើម្បីក្រុមការងារចុះពិនិត្យនិងស្រាវជ្រាវ ក្នុងនេះការកំណត់សំគាល់ផ្សេងៗ បានបង្ហាញថា ចាប់ពីឆ្នាំ២០១៤ ដល់ខែវិច្ឆិកា ឆ្នាំ២០២១នេះ សមត្ថកិច្ចបានបង្ក្រាបបទល្មើស ទន្រ្ទានដីព្រៃលិចទឹកក្នុងតំបន់៣ នៃបឹងទន្លេសាបក្នុងបណ្តា ក្រុង-ស្រុកទាំង៦ បានចំនួន២០៤ករណី ស្មើនឹងផ្ទៃដីប្រមាណ ១ពាន់៩៧០ហិចតា ។ ក្នុងរបាយការណ៍នេះបានបញ្ជាក់ ថា យោងតាមការចុះពិនិត្យជាក់ស្តែងប៉ុន្មានថ្ងៃមុននេះ ការទន្ទ្រានដីព្រៃលិចទឹកក្នុងតំបន់បឹងទន្លេសាបនៅខេត្តសៀមរាប ពុំទាន់បានរកឃើញមានករណីរំលោភថ្មីនៅឡើយនោះទេ ដោយសារតែនៅក្នុងតំបន់នោះ មានកម្រឹតជម្រៅទឹកនៅច្រើន នៅឡើយ។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា មានប្រសាសន៍ថា ជាឱកាសដ៏ល្អសម្រាប់ខេត្តសៀមរាប ដោយសារតែកម្រឹត ទឹកនៅមានកម្រឹកកម្ពស់ខ្ពស់ និងមិនទាន់មានករណីទន្ទ្រានរំលោភថ្មីកើតឡើងនៅឡើយ ដូចនេះអ្វីដែលសំខាន់ គឺការបែង ចែកកម្លាំងគ្រប់គ្រងនិងទទួលខុសត្រូវឲ្យបានល្អ មុនទឹកស្រកចុះទៅ ដែលជារដូវបង្កើតការរំលោភបំពាននោះ ។ ជាការ រំលឺកបទល្មើស២០៤ករណី ស្មើនឹងផ្ទៃដី ១ពាន់៩៧០ហិចតា ដែលបានរកឃើញចាប់តាំងពីឆ្នាំ២០១៤ ដល់ខែវិច្ឆិកា ឆ្នាំ២០២១ ត្រូវតែលើកយកទៅដាក់ក្នុងកិច្ចប្រជុំ ដើមី្បធ្វើអង្កេតឡើងវិញ រកឲ្យឃើញនិងកំណត់ឲ្យបានច្បាស់លាស់ អត្តសញ្ញាណនៃអ្នករំលោភកាន់កាប់ និង ត្រូវរឹបអូសយកមកវិញ ព្រោះដីព្រៃលិចទឹកក្នុងតំបន់នោះ គឺជាសម្បត្តិរបស់រដ្ឋ។
កិច្ចប្រជុំនោះ ក្នុងការចង្អុលបង្ហាញឲ្យអនុវត្ត គឺហាមដាច់ខាត អាជ្ញាធរគ្រប់លំដាប់ថ្នាក់ចេញលិខិតស្នាមទិញលក់ដីរដ្ឋ នៅក្នុងតំបន់៣ ឬ ក្នុងតំបន់ដែលបានកាត់ឆ្វៀលឲ្យប្រជាពលរដ្ឋអាស្រ័យផលកន្លងមក ។ ព្រោះអ្នកអាស្រ័យផលលើ តំបន់កាត់ឆ្វៀលក្នុងតំបន់៣នៃបឹងទន្លេសាបនោះពុំមានសិទ្ធិលក់ដូរឡើយ ហើយក៏ត្រូវបានបញ្ចប់ការអនុញ្ញាតិឲ្យអាស្រ័យ ផលបន្តទៀតផងដែរ ក្រោយការប្រមូលផលឆ្នាំនេះ ។ នៅក្នុងការណែនាំឲ្យអនុវត្ត១០ចំណុចសំខាន់ៗនៃកិច្ចប្រជុំ នោះ ការណែនាំឲ្យអាជ្ញាធរខេត្តធ្វើរបាយការណ៍តាមដានប្រចាំខែ ត្រីមាស ឆមាស និងប្រចាំឆ្នាំ ស្តីពីការគ្រប់គ្រងតំបន់៣ នៃបឹងទន្លេសាប គឺជាការងារសំខាន់ចាំបាច់ ។ ចំណុចសំខាន់ចុងក្រោយនោះ គឺអំពាវ់នាវឲ្យជនខិលខូច និងជនឃុបឃិត ចេញសារភាពប្រគល់ដីជូនរដ្ឋវិញ ហើយដកខ្លួនឲ្យឆ្ងាយពីអំពើបំផ្លាញជាតិ ឲ្យបានឆាប់បំផុត។
នៅក្នុងកិច្ចប្រជុំនេះ គេឃើញមានវត្តមានឯកឧត្តមរដ្ឋមន្រ្តីពាក់ព័ន្ធ មេដឹកនាំកម្លាំងប្រដាប់អាវុធ និង មន្រ្តីជាន់ខ្ពស់ សំខាន់ៗជាច្រើមរូបទៀតបានចូលរួមផងដែរ ៕
លោក សំ ណូនីន ធ្វើសេចក្តីរាយការណ៍





































