ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ានផ្ដល់ភួយនិងអាវរងារជាមជូនដល់មនុស្សវ័យចាស់ នៅស្រុកភ្នំស្រុក និងក្រុងសិរីសោភ័ណ

0

បន្ទាយមានជ័យ៖ អាវរងារនិងភួយប្រមាណ ៧.០០០ អាវព្រមទាំងសំភារះមួយចំនួន ត្រូវបាន ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្រ្តី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ នៅស្រុកភ្នំស្រុក និងក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ
ផ្ដល់ជូនចាស់ជរានៅទូទាំងខេត្តបន្ទាយមានជ័យ នាថ្ងៃទី៨ វិច្ឆិកា ២០២១។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ គឹមយ៉ាន សូមសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋ ថ្នាក់ដឹកនាំគ្រប់សាសនា និងវិស័យឯកជន ដែលបានចូលរួមយ៉ាងសកម្មប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការចូលរួមទប់ស្កាត់អនុវត្តតាមការអំពាវនាវនិងណែនាំរបស់រាជរដ្ឋាភិបាលដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី សូមថ្លែងអំណរគុណដល់មន្ទីរសង្គមកិច្ចអតីតយុទ្ធជន សមាគមមូលនិធិមនុស្សចាស់ខេត្តបន្ទាយមានជ័យ មន្រ្តី បុគ្គលិក និងអង្គភាពពាក់ព័ន្ធនានា ដែលបានយកចិត្តទុកដាក់ទទួលខុសត្រូវយ៉ាងសកម្មក្នុងការងារសុខមាលភាពសង្គមមនុស្សវ័យចាស់នៅតាមមូលដ្ឋាននានាទូទាំងខេត្ត។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសគណៈកម្មាធិការជាតិកម្ពុជាដើម្បីមនុស្សចាស់ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងបានផ្តល់នូវក្តីអាណិតស្រលាញ់ សណ្តោសប្រណី យកចិត្តទុកដាក់និងគិតគូរខ្ពស់ពីសុខទុក្ខ បងប្អូន អ៊ំ ពូ មីង លោកយាយ លោកតា ដែលជាមនុស្សវ័យចាស់ និងប្រជាពលរដ្ឋទាំងអស់គ្រប់ពេលវេលា និងបានតាមដាន ណែនាំជាប្រចាំដល់សមត្ថកិច្ចពាក់ព័ន្ធត្រូវបន្តយកចិត្តទុកខ្ពស់ចំពោះសុខុមាលភាព និងការរស់នៅរបស់មនុស្សវ័យចាស់នៅក្នុងអំឡុងពេលកូវីដ-១៩ និងរដូវត្រជាក់នេះ។ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា គីបន្តលើកកម្ពស់កិច្ចគាំពារសុខុមាលភាព និងជីវភាពមនុស្សចាស់ឱ្យបានកាន់តែល្អប្រសើរ និងបង្ហាញឱ្យឃើញពីតួនាទីដ៏សំខាន់របស់មនុស្សចាស់ក្នុងសង្គមជាតិថែមទៀតស្របតាមយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី បានលើកឡើងអំពីគុណតម្លៃមនុស្សវ័យចាស់ ដែលជាបុព្វការីជនបានបង្កើតធនធានដ៏មានសារៈប្រយោជន៍ និងមានតួនាទីសំខាន់ណាស់ក្នុងការកសាងគ្រួសារ សហគមន៍ ការអប់រំ ការផ្ដល់នូវចំណេះដឹង ចំណេះធ្វើ វប្បធម៌ ប្រពៃណី សាសនា ទំនៀមទម្លាប់ និងបទពិសោធន៍យ៉ាងច្រើនឥតគណនាសម្រាប់មនុស្សជំនាន់ក្រោយ។
ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី កែ​ គឹមយ៉ាន ក៏បានអំពាវនាវដល់សមត្ថកិច្ចគ្រប់ជាន់ថ្នាក់ និងក្រុមគ្រួសារដែលមានមនុស្សវ័យចាស់ សូមបន្តយកចិត្តទុកដាក់តាមដានសុខភាព តម្រូវការមនុស្សវ័យចាស់ លើកស្ទួយវិស័យសុខមាលភាពមនុស្សចាស់គ្រប់មធ្យោបាយនៅមូលដ្ឋាន បន្ដពង្រឹងនិងគាំទ្រដល់សមាគមមូលនិធិមនុស្សចាស់ និងសមាគមមនុស្សចាស់នៅតាមសហគមន៍ ឃុំ-សង្កាត់ ​គោរពសិទ្ធិនិងផ្តល់នូវគុណតម្លៃមនុស្សវ័យចាស់ ចូលរួមទប់ស្កាត់ជំងឺឆ្លងកូវីដ​-១៩ និងប្រយុទ្ធប្រឆាំងគ្រឿងញៀននៅតាមសហគមន៍​ ព្រមទាំងចូលរួមថែរក្សាសន្តិភាព។
សូមបញ្ជាក់ថា៖ អំណោយជូនមនុស្សវ័យចាស់ស្ថិតនៅស្រុកភ្នំស្រុកចំនួន៥៦៧នាក់ ក្រុងសិរីសោភ័ណចំនួន៤០៨ ដោយម្នាក់ៗទទួលបានឃីត១កព្ចាប់ រួមមាន៖ អាវរងារ ភួយ ក្រម៉ា ប្រេងកូឡា គ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន៕ដោយ៖ ឃិន គន្ធា