កំពង់ចាម : ក្រុមការងារត្រួតពិនិត្យការដាក់តាំងផ្ទាំងផ្សព្វផ្សាយផ្សេងៗខេត្តកំពង់ចាម នារសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០២១ នេះ បានចុះត្រួតពិនិត្យ និងណែនាំដល់មូលដ្ឋានអាជីវកម្មក្នុងក្រុងកំពង់ចាម ក្នុងគោលបំណងត្រួតពិនិត្យ របៀបសរសេរអក្សរលើផ្ទាំងយីហោ ផ្ទាំងផ្សាយពាណិជ្ជកម្ម និងផ្ទាំងសញ្ញាផ្សេងៗ ត្រូវគោរពតាមគោលការណ៍ដែលមានចែងក្នុងប្រកាសឲ្យបានត្រឹមត្រូវ ដោយត្រូវប្រើអក្សរជាតិនៅខាងលើទំហំធំជាងអក្សរបរទេសពីរដង ចំនែកអក្ខរាវិរុទ្ធត្រូវគោរពតាមក្បួនវេយ្យាករណ៍ និងវេចនានុក្រមខ្មែររបស់សម្តេចព្រះសង្ឃរាជព្រះមហា សុមេធាធិបតីជោតញ្ញាណោ ជួន ណាត រីឯគំនូររូបភាពដែលភ្ជាប់ជាមួយផ្ទាំងត្រូវរក្សាឲ្យមានសោភណ្ឌភាព និងលក្ខណៈថ្លៃថ្នូររបស់ជាតិ។
ជាមួយគ្នានោះ ក្រុម ការងារ ក៏បានជម្រុញលើការលើកស្លាកអាជីវកម្មឲ្យបានត្រឹមត្រូវតាមការកំណត់ ព្រមទាំងជម្រុញឲ្យអាជីវកម្មដែលមិនទាន់មានអាជ្ញាប័ណ្ណ ឬវិញ្ញាប័ត្រចុះបញ្ជីពាណិជ្ជកម្មឲ្យមកសុំច្បាប់ឲ្យបានត្រឹមត្រូវ ព្រមទាំងផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ឋផ្សេងៗ ។
ជាលទ្ធផលក្រុមក្រុមការងារបានចុះពិនិត្យអាជីវកម្មចំនួន៥ទីតាំង ដែលបានលើកស្លាកជាភាសាបរទេស ដោយបានពន្យល់ណែនាំអំពីច្បាប់ ការលើកស្លាកអាជីវកម្មអនុលោមតាមច្បាប់ ព្រមទាំងជំរុញឲ្យគាត់សុំអាជ្ញាប័ណ្ណប្រកបអាជីវកម្ម ឲ្យបានឆាប់ និងកែសម្រួលស្លាកយីហោអាជីវកម្ម ឲ្យបានត្រឹមឡើងវិញ ផងដែរ ៕





































