(រដ្ឋបាលខេត្តកំពង់ធំ): ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានលើកទឹកចិត្តដល់ប្រជាពលរដ្ឋ នៅក្នុងសង្កាត់ស្រយ៉ូវ ក៏ដូចជាឃុំសង្កាត់នានានៅទូទាំងខេត្តកំពង់ធំ សូមខិតខំដាំបន្លែធម្មជាតិ ដើម្បីកាត់បន្ថយការចំណាយ បង្កើនជីវភាពក្នុងគ្រួសារ និងសហគមន៍ ។
ការលើកទឹកចិត្តនេះ ត្រូវបានឯកឧត្តម អភិបាលខេត្ត ថ្លែងនៅក្នុងឱកាសចុះពិនិត្យ សកម្មភាពការដាំដុះបន្លែធម្មជាតិ របស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិចំបក់កំរ៉ែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នារសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២១។
ជាមួយគ្នានោះដែរ ឯកឧត្តម ងួន រតនៈ បានកោតសរសើរ ដល់ប្រជាពលរដ្ឋ ក្រៅពីការងារបង្កបង្កើនផលស្រូវ បានយកពេលវេលាទំនេរ ងាកមកដាំដុះបន្លែធម្មជាតិ ដើម្បីផ្គត់ផ្គង់ក្នុងគ្រួសារ និងអាចនាំយកទៅលក់នៅលើទីផ្សារក្នុងភូមិ ឃុំ ស្រុក ថែមទៀត ព្រោះបន្លែរបស់យើងគ្មានជាតិគីមី មិនប៉ះពាល់សុខភាព ជាពិសេសថាអាចកាត់បន្ថយការនាំចូលបន្លែពីប្រទេសជិតខាង។
លើសពីនេះទៀត ឯកឧត្តម ងួន រតនៈ បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ខិតខំដាំបន្លែបែបធម្មជាតិឲ្យបានច្រើន នៅតាមសហគមន៏ ជាពិសេសបន្លែដែលមិនប្រើជាតិគីមី ព្រោះថាបន្លែធម្មជាតិ ធានាសុវត្ថិភាពដល់អ្នកទិញបន្លែ យកទៅបរិភោគជាប្រចាំ និងមានតម្លៃសមរម្យ ។