ភ្នំពេញ ៖ ម៉ូតូមួយគ្រឿងជិះបញ្ច្រាស់ផ្លូវជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតចំពេញទំហឹងបណ្ដាលអោយបុរស៣នាក់រងរបួសស្រាល ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ ត្រង់ចំណុចស្ដុបណត
ប្រ៊ីត តាមបណ្ដោយផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿង ម៉ាកហុងដាឌ្រីម ធុនសេ២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1E-3423 ជិះដោយបុរស២នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវ លេខ២០០៤ក្នុងល្បឿនលឿន ទិសដៅពីលិចទៅកើតបញ្ច្រាស់ផ្លូវ ស្រាប់តែមកដល់ចំណុចកើតហេតុ ក៏មាន ម៉ូតូសង់កូរ៉េមួយគ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ពោធិ៍សាត់ 1C-9130 ជិះដោយបុរសម្នាក់ជាអ្នករត់ម៉ូតូឌុប ក៏បុកគ្នាចំពីមុខពេញទំហឹង បណ្ដាលអោយ ជនរងគ្រោះដួលបោកនិងថ្នល់រងរបួសស្រាលទាំងសងខាង ចំណែកម៉ូតូខូចរៀងខ្លួន។
បន្ទាប់ពីកើតហេតុភាគីទាំង២បានធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងម៉ូតូសង់កូរ៉េសុំសំណងថ្លៃខូចខាតនិងព្យាបាលរបួសចំនួន១១០ដុល្លារ ប៉ុន្តែភាគីខាងម៉ូតូហុងដាឌ្រីមព្រមអោយតែ២៥ដុល្លារមិនត្រូវគ្នា ទើបសម្រេច ទូរស័ព្ទហៅសមត្ថកិច្ចសុំការអន្តរាគមន៍ ប៉ុន្តែជិតមួយម៉ោងមិនឃើញមានសមត្ថកិច្ចណាម្នាក់ចុះមកត្រួតពិនិត្យ កន្លែងកើតហេតុនោះទេ មិនដឹងថា សមត្ថកិច្ចខណ្ឌសែនសុខកំពុងធ្វើអ្វីនោះទេ ដោយមានបញ្ជាពីមន្ត្រីប៉ូលីសថ្នាក់លើមកទើបឃើញមុខសមត្ថកិច្ច២-៣នាក់មិនកន្លែងកើតហេតុនិងបានធ្វើវាស់វែងយកម៉ូតូទាំង២គ្រឿងទុករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។
ប្រជាពលរដ្ឋបានរិះគន់ចំៗចំពោះសមត្ថកិច្ចខណ្ឌសែនសុខថាធ្វើការយឺតយ៉ាវខ្លាំងណាស់ មិនដឹងថាម៉ោងគាត់ប្រចាំការ ពួកគាត់កំពុងធ្វើអ្វីនោះទេ ហើយប្រជាពលរដ្ឋក៏ស្នើសុំដោយលោកស្នងការរាជធានីភ្នំពេញ សូមមេត្តាជួយមើលមន្ត្រី ក្រោមឱវាទផង នេះជនរងគ្រោះរងរបួសស្រាល ចុះបើរងរបួសធ្ងន់ទំរាំសមត្ថកិច្ចចុះមកអន្តរាគមន៍ ជនរងគ្រោះច្បាស់ ជាដាច់ខ្យល់ស្លាប់មិនខាន៕