កំពង់ចាម: ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានអញ្ជើញចូលរួមប្រារព្ធទិវាអន្ដរជាតិ នៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០២១
ក្រោមប្រធានបទ «ស្ម័គ្រចិត្តពេលនេះ ដើម្បីអនាគតយើងទាំងអស់គ្នា បន្តធ្វើសកម្មភាព ដោយមិនឈប់ឈរឡើយ» ដែលបានធ្វើឡើងនាព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅស្រុកកំពង់សៀម ។
ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា បានអានទាំងស្រុង នូវសារលិខិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាសទិវាអន្តរជាតិនៃអ្នកស្ម័គ្រចិត្ត ៥ធ្នូ ឆ្នាំ២០២១ ដែលក្នុងនោះ ព្រះបរមនាម ហ្លួងម៉ែ ព្រះប្រធានកិត្តិយស សម្តេចប្រធាន បានសម្តែងការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ក្មួយៗ ជាយុវជន កាកបាទក្រហម និងបងប្អូនអ្នកស្ម័គ្រចិត្តទាំងអស់ ដែលក្នុងគ្រប់កាលៈទេសៈ បានខិតខំប្រឹងប្រែង តស៊ូយ៉ាងស្វិតស្វាញ
ពុះពារឧបសគ្គ និងជំនះបញ្ហាប្រឈមនានា ក្នុងបេសកកម្ម ផ្តល់សេវាកម្មមនុស្សធម៌ ពិសេស ក្នុងបរិការណ៍ នៃការប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ បានពាំនាំនូវសារគន្លឹះ ទប់ស្កាត់ហានិភ័យនែការឆ្លងជម្ងឺ ដ៏កាចសាហាវនេះ យកទៅអប់រំផ្សព្វផ្សាយ តាមគ្រប់រូបភាព និងមធ្យោបាយ មិនខ្លាចនឿយហត់ ជូនដល់ប្រជាពលរដ្ឋដោយផ្ទាល់ តាមខ្នងផ្ទះ និង ទីកន្លែងនានា ក្នុងសហគមន៍ ។
ស្ថិតក្នុងឱកាសនោះដែរ ឯកឧត្តម ប្រធានគណៈកម្មាធិការសាខា បានពាំនាំរំឭក សេចក្តីអំពាវនាវរបស់សម្តេចប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះ យុវជន និងអ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាទាំងអស់ ត្រូវរឹតបន្តឹងកម្លាំងសាមគ្គីភាព ដោយបន្តធ្វើសកម្មភាពមិនឈប់ឈរឡើយ ក្នុងប្រតិបត្តិការមនុស្សធម៌ ជួយដល់ជនងាយរងគ្រោះ និងជនរងគ្រោះឲ្យបានឆាប់រហ័ស ទាន់ពេលវេលា តាមទិសស្លោក « កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល» និងបន្តខិតខំសម្រេចឲ្យបាន បាវចនា «សកម្មភាពនៅមូលដ្ឋាន សម្រេចបានគោលដៅសកល» ។
ជាមួយនេះ សូមបងប្អូនរួមជាតិ បន្ដពង្រឹងការការពារសុខភាពឲ្យបានខ្ជាប់ខ្ជួន បន្សាំខ្លួនក្នុងការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ-១៩ ដោយប្រកាន់ខ្ជាប់នូវវិធានការសុខាភិបាល«៣ការពារ ៣កុំ» ដើម្បីសុខុមាលភាព ពីបុគ្គលម្នាក់ៗ ក្រុមគ្រួសារជាទីស្រឡាញ់ ក៏ដូចជា សហគមន៍ និងសង្គមជាតិទាំងមូល ផងដែរ ។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា ក៏បានប្រគល់ប័ណ្ណសរសើរ ដែលសម្តែងនូវការកោតសរសើរ និងថ្លែងអំណរគុណ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អ្នកស្ម័គ្រចិត្ត ចំនួន ៥០នាក់ ផងដែរ ៕






































