អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពួក និងសហការីបាននាំយកអំណោយមនុស្សធម៌ផ្ដល់ជូនពលរដ្ឋចំនួនមួយគ្រួសារ រងគ្រោះដោយអគ្គីភ័យឆេះផ្ទះ

0

ខេត្តសៀមរាប៖ លោក ស៊ីន ចាន់ថុល ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកពួក និងសហការី បានចូលរួមសម្តែងនូវការសោកស្តាយ និងបាននាំយកអំណោយមនុស្សធម៌ផ្ដល់ជូនពលរដ្ឋចំនួន ០១គ្រួសារ រស់នៅភូមិស្ទឹងព្រះស្រុក ឃុំល្វា ស្រុកពួក ខេត្តសៀមរាប រងគ្រោះដោយអគ្គីភ័យឆេះផ្ទះ កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ ដោយមូលហេតុឆ្លងចរន្តអគ្គិសនី កាលពីរសៀលថ្ងៃទី១២ ខែធ្នួ ឆ្នាំ ២០២១ ។
ក្នុងឱកាសចុះសួរសុខទុក្ខនោះ លោក ស៊ីន ចាន់ថុល បានពាំនាំប្រសាសន៍ របស់ឯកឧត្តម ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្តាំផ្ញើសួរសុខទុក្ខ ក្តីអាណិតអាសូរ និងសោកស្តាយ ចំពោះឧបទ្ទវហេតុដែលបានបំផ្លាញលំនៅដ្ឋាន និងទ្រព្យសម្បត្តិរបស់គ្រួសាររងគ្រោះនេះផងដែរ។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវផ្តាំផ្ញើដល់បងប្អូនទាំងអស់ សូមមានការប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើង និងចរន្តអគ្គិសនីដោយប្រុងប្រយ័ត្ន និងបានលើកទឹកចិត្តសូមកុំអស់សង្ឃឹមត្រូវគិតគូរពីសុខភាព ហើយប្រឹងប្រែងប្រកបរបរចិញ្ចឹមជីវិត ដើម្បីស្តារសេដ្ឋកិច្ចគ្រួសារឡើងវិញ ក្នុងសង្គមដែលមានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ។ សូមរក្សាអនាម័យជាប្រចាំតាមការណែនាំរបស់ក្រសួងសុខាភិបាល ជៀសផុតពីជំងឺកូវីដ-១៩ និងបង្ការកុំឱ្យឆ្លងចូលក្នុងសហគមន៍ ជាពិសេសត្រូវចូលរួមអនុវត្តនូវវិធានការ ៣កុំ និង៣ការពារ ឱ្យបានខ្ជាប់ខ្ជួន។
អំណោយមនុស្សធម៌បានផ្តល់ជូនមាន៖ អង្ករ២៥គីឡូក្រាម មី២កេស ភេសជ្ជ:១កេស ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ កន្ទេល២ ភួយ៣ សារុង៣ ក្រមា៣ ឡាំងទឹក២ សង្ក័សី១០សន្លឹក សម្ភារផ្ទះបាយមួយចំនួន និងថវិកា២សែនរៀល ៕