តាមរយះសារលិខិតមួយច្បាប់ដែលអ្នកសារពត៌មានទទួលបានក្រុមបងប្អូនអតីតយុទ្ធជននិងជនពិការដោយសង្គ្រាមនាទសវត្សឆ្នាំ៨០-៩០នៅទូទាំងប្រទេសបានស្រែកដង្ហោយរកការសង្គ្រោះពីរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចនិងអតីតយុទ្ធជនសំខាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាឲ្យជួយដល់ពួកគេផងខណដែលប្រាក់ឧបត្ថម្ភប្រចាំខែដែលពួកគេទទួលបានមានកម្រិតទាបពេកនិងមិនអាចឲ្យពួកគេរស់បាននោះឡើយ ។
តាមសារលិខិតនោះបងប្អូនអតីតយុទ្ធជនបានលើកឡើងថាកាលពីមុនឆ្នាំ២០១៤ពួកគាត់ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែតែប្រមាណ១០ម៉ឺនឬជាង១០ម៉ឺនប៉ុណ្ណោះ ហើយទើបតែក្នុងឆ្នាំ២០១៤នេះទេ ដែលប្រាក់ឧបត្ថម្ភទាំងនោះបានឡើងដល់ជាង២០ម៉ឺនរៀល ។ ប៉ុន្តែពួកគាត់សុទ្ធសឹងជាជនពិការប្រភេទធ្ងន់ៗ ដូចជាខ្វាក់ភ្នែកទាំងសងខាង ដាច់ដៃទាំងពីរជើងទាំងពីររួមទាំងមានជំងឺប្រចាំកាយដែលត្រូវការចំណាយច្រើនដើម្បីរស់បន្ត ។ ប៉ុន្តែសព្វថ្ងៃពួកគាត់រស់ទាំងត្រដរប៉ុណ្ណោះ ព្រោះប្រាក់ឧបត្ថម្ភតិចតួចពេកបើប្រៀបធៀបទំនិញលើទីផ្សារ ។
បងប្អូនជនពិការទាំងនោះបានលើកឡើងថាពួកគាត់មិនមានទស្សនៈចង្អៀតចង្អល់ចំពោះមន្ត្រីរាជការឬអ្នកណាម្នាក់ទេ ,ប៉ុន្តែការដែលគាត់លើកឡើងខាងលើនេះ ដើម្បីសុំឲ្យប្រមុខរាជរដ្ឋាភិបាលនិងរដ្ឋមន្ត្រីជំនាញយកចិត្តទុកដាក់ចំពោះពួកគាត់ផងហើយពួកគាត់សុំតែម៉ារស់ប៉ុណ្ណោះ ។ ទន្ទឹមនោះពួកគាត់ក៏មិនមែនពិការដោយព្រឹត្តិបទល្មើសឬពិការដោយគ្រោះថ្នាក់អ្វីនោះដែរគឺជាជនពិការដើម្បីជាតិមាតុភូមិ ។ ដូច្នេះពួកគាត់គួរតែទទួលបាននូវការតបស្នងវិញពីមាតុភូមិរបស់ខ្លួន ។
យ៉ាងណាក៏ដោយបងប្អូនជនពិការទាំងអស់ក៏បានចោទជាចម្ងល់ថាតើហេតុអ្វីបានជាបងប្អូនជនពិការក្រោយឆ្នាំ២០០៧ ទទួលបានប្រាក់ឧបត្ថម្ភរហូតដល់៦០ម៉ឺនរៀលក្នុងមួយខែគ្រាដែលជនពិការខ្លះទៀតទទួលបានជិត១លានរៀលថែមទៀត ។ តើនោះមកពីហេតុផលអ្វីទៅបានជាការផ្តល់ប្រាក់ឧបត្ថម្ភខុសគ្នាឆ្ងាយដូច្នេះ ខណដែលបងប្អូនជនពិការសុទ្ធតែបំរើបុព្វហេតុជាតិមាតុភូមិដូចគ្នានោះ ។ ទាក់ទងសារលិខិតខាងលើនេះបងប្អូនជនពិការទសវត្សឆ្នាំ៨០-៩០ បានទទូចសុំការជួយសង្គ្រោះពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
ជានិច្ចកាលសម្តេចតែងតែយកចិត្តទុកដាក់ចំពោះជនពិការទូទៅដោយសុំឲ្យសម្តេចត្រួតពិនិត្យឡើងវិញចំពោះចំណាត់ការរបស់មន្ត្រីជំនាញពាក់ព័ន្ធជនពិការដើម្បីឲ្យមន្ត្រីជំនាញទាំងនោះមើលឃើញការលំបាករបស់ពួកគាត់ ហើយរៀបចំការឧបត្ថម្ភប្រចាំខែដល់ពួកគាត់ឡើងវិញនិងឲ្យបានសមរម្យដោយសមមាត្រាជាមួយអតីតយុទ្ធជនដែលជាជនពិការដូចគ្នា ៕