បន្ទាយមានជ័យ៖ ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំសៀមរាប លោកកាវ៉ាគូជី ម៉ាសាគី (Mr Kawakuchi Masaki) កាលពីរសៀលថ្ងៃទី១៣ខែធ្នូឆ្នាំ២០២១ បានអះអាងថានឹងជួយជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ច ,ការកែលម្អអគារសិក្សាចាស់ទ្រុឌទ្រោមជាដើម ។
ថ្លែងដូច្នេះ ខណ:លោកនិងសហការីបានអញ្ជើញទស្សនកិច្ចការងារនៅខេត្តបន្ទាយមានជ័យ និងជួបពិភាក្សាការងារជាមួយឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ព្រមទាំងលោកអភិបាលរងខេត្តទាំងអស់។
ឯកឧត្ដម អ៊ុំ រាត្រី បានស្វាគមន៍យ៉ាងកក់ក្តៅនិងថ្លែងអំណរគុណ លោកប្រធានការិយាល័យកុងស៊ុលជប៉ុននិងប្រតិភូដែលបានអញ្ជើញបំពេញការងារនៅខេត្តបន្ទាយមានជ័យ ក៏ដូចខេត្ត៤ទៀត (សៀមរាប ឧត្តរមានជ័យ បន្ទាយមានជ័យ ព្រះវិហារនិងកំពង់ធំ)នៃភូមិភាគឧត្តរ -ពាយ័ព្យដែលការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាបប្រតិបត្តិការ ។
ឯកឧត្ដម អ៊ុំ រាត្រី បានលើកសង្ខេបពីសក្តានុពលខេត្ត កិច្ចសហប្រតិបត្តិការនិងទំនាក់ទំនង ក៏ដូចការធានាការពារជាមួយភាគីជប៉ុន ក៏ដូចវិនិយោគិន ភ្ញៀវទេសចរ ពលរដ្ឋជប៉ុន ។
និងក៏លើកពីសមិទ្ធផល ជំនួយខ្នាតធំ ខ្នាតតូច ផ្លូវការនិងក្រៅផ្លូវការយ៉ាងច្រើន របស់ជប៉ុនតាមរយ:រាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន តាមរយ:ទីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិជប៉ុន(JICA) អង្គការ សមាគម ក្រុមហ៊ុន សប្បុរសជន។ល។
ចំណែកលោកកាវ៉ាគូជី ម៉ាសាគី (Mr Kawakuchi Masaki) ប្រធានការិយាល័យកុងស៊ុលជប៉ុនប្រចាំខេត្តសៀមរាបអះអាងថា : ការិយាល័យនឹងធ្វើការជិតស្និតបន្ថែមទៀតជាមួយប្រជាជនកម្ពុជានិងរដ្ឋបាលខេត្តបន្ទាយមានជ័យដើម្បីជំរុញនិងពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ការនាំអ្នកវិនិយោគមកបណ្តាក់ទុនរកស៊ីនៅខេត្តបន្ទាយមានជ័យ ដូចដែលមានក្រុមហ៊ុនមួយចំនួននៅក្រុងប៉ោយប៉ែត។
ជម្រុញការអនុវត្តគោលនយោបាយតំបន់ច្រករបៀងសេដ្ឋកិច្ចខាងត្បូង(ក្រុងដាវី-បាងកក-ភ្នំពេញ-ព្រៃនគរ) ដែលជប៉ុនបាផ្តល់ហិរញ្ញប្បទានស្ថាបនានិងធ្វើអោយប្រសើរឡើងផ្លូវជាត៊ិលេខ៥ លេខ១.។
ជម្រុញបើកច្រកព្រំដែនអន្តរជាតិស្ទឹងបត់-ណងអៀន,ការងារជួយជួសជុលឬកែលម្អអគារសិក្សាចាស់ៗអំណោយរបស់អង្គការ/សប្បុុរសជនជប៉ុន,ការបោសសម្អាតមីននិងអភិវឌ្ឍន៍ក្នុងដំណាក់កាលសន្តិភាព ោះខេត្តបន្ទាយមានជ័យជាអតីតសមរភូមិដ៏ក្តៅគគុកកាលសម័យសង្គ្រាម …។ល។
ក្នុងនោះការិយាល័យកុងស៊ុលក៏អោយដឹងថា :នៅខេត្តបន្ទាយមានជ័យមានពលរដ្ឋជប៉ុនស្នាក់នៅ ធ្វើការរកស៊ីចំនួន ជាង៤០នាក់ និងមានមានភ្ញៀវទេសចរឆ្លងកាត់ឡើងវិញនាពេលខាងមុខ ។
ហេតុនេះ ការិយាល័យស្នើរដ្ឋបាលខេត្តជួយផ្តល់កិច្ចការពារនិងបង្កលក្ខណ:ងាយស្រួល។
រដ្ឋបាលខេត្តបន្ទាយមានជ័យអោយដឹងថា :យោងថ្នាក់លើនៃប្រទេសទាំងពីរកម្ពុជា ថៃ គឺច្រកព្រំដែនអន្តរជាតិថ្មីស្ទឹងបត់-ណងអៀននឹងបើកដំណើរការនៅខែកុម្ភ:ឆ្នាំ២០២២ ខាងមុខ ។
ចំពោះ លទ្ធភាពដែលជប៉ុននឹងជួយជួសជុល កែលម្អឬសង់ថ្មីលើទីតាំងអគារចាស់ទ្រុឌទ្រោម រដ្ឋបាលខេត្តបន្ទាយមានជ័យអរណាស់ ហើយថានឹងចុះស្រង់ វាយតម្លៃ រួចផ្ញើជូនការិយាល័យកុងស៊ុលជប៉ុន ៕ដោយ៖ឃិន គន្ធា





































