ខេត្តកែប៖ ហេតុការណ៍គួរឱ្យស្រៀវសាច់មួយបានកើតឡើងបណ្តាលឱ្យបុរសម្នាក់ដេកស្លាប់ក្នុងសភាពធ្លាយខួរចេញមកក្រៅ។ដោយករណីនេះត្រូវបានប្រភពជាច្រើនអះអាងថា ជនរងគ្រោះខាងលើជិះម៉ូតូដៃម្ខាងឱបកូនឆ្កែ និងដៃម្ខាងទៀតកាន់ដៃចង្កូតម៉ូតូ ហើយភ្លាត់ស្នៀតចាប់ហ្វ្រាំងមុខទាំងបង្ខំទើបដួល
ម៉ូតូហើយមនុស្សខ្ទាតចូលក្រោមកង់រថយន្តដែលកំពុងបើកបរនៅតាមដងផ្លូវ។
ប្រភពដដែលបានបញ្ជាក់ផងដែរថា ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១និង២៥នាទីរសៀល ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវជាតិលេខ៣៣អា កែងប្រសព្វគ្នានឹងផ្លូវថ្មី(ផ្លូវវត្តភ្នំព្រូស) ស្ថិតក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុង/ខេត្តកែប។
យោងតាមប្រភពព័ត៌មានពីនគរបាលចរាចរណ៍ខេត្តកែប បានឱ្យដឹងថា ជនរងគ្រោះមាន ឈ្មោះ រស់ ដាវីន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិ សង្កាត់កើតហេតុខាងលើ ដោយមុនពេលកើតហេតុ ជនរហគ្រោះបានជិះម៉ូតូម៉ាកZoomer.X ពាក់ស្លាកលេខ កំពត 1M-8238 ចេញមកពីផ្លូវថ្មី(ផ្លូវវត្តភ្នំព្រូស)លុះចេញមកដល់ផ្លូវជាតិលេខ៣៣អាដែលជាផ្លូវបំបែក ម៉ូតូជនរងគ្រោះបត់ឆ្វេងបានបន្តិចក៏ដួល (សង្ស័យជិះម៉ូតូដៃម្ខាងព្រោះដៃម្ខាងទៀតឱបកូនឆ្កែ ហើយចាប់ហ្វ្រាំងមុខ)ទើបដួលក្បាលចូលទៅក្រោមកង់រថយន្តដែលកំពុងបើកបរនៅលើដងផ្លូវ បណ្តាលឱ្យធ្លាយខួរស្លាប់មួយរំពេច។សមត្ថកិច្ចបានបញ្ជាក់ថា ចំពោះរថយន្តដែលកិនមនុស្សស្លាប់ កម្លាំងជំនាញកំពុងតាមស្រាវជ្រាវរកភ្លាមៗផងដែរ។
បច្ចុប្បន្នសពជនរងគ្រោះ ដោយសារគ្រោះថ្នាក់ចរាចរ ត្រូវសាច់ញាតិមកទទួលទៅរៀបចំធ្វើបុណ្យតាមតាមប្រពៃណី៕ សេង ណារិទ្ធ




































