អភិបាលខេត្តកំពង់ចាម​ ប្រាប់សិស្សានុសិស្សថា បេីយេីងខ្លាំងយេីងរឹងមាំហេីយនោះ​ គ្មានបរទេសណាគេអាចដណ្តេីមការងារពីយេីងបានទេ​

0

អត្ថបទនិងរូបភាព ដោយលោកស្រីអែម ហៀង

កំពង់ចាម​:​ ក្នុង​ពិធី​ប្រគល់​ពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គ លើកទី១១​ នាព្រឹក​ថ្ងៃទី​១៥​ ខែធ្នូ​ ឆ្នាំ​២០២១​នេះ​ ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ ​បានថ្លែងប្រាប់​ប្អូនៗ​សិស្សានុសិស្សថា​ ​បេី​យើង​ខ្លាំង​យើង​រឹងមាំ​ហេីយនោះ​ គ្មាន​បរទេស​​ណាគេអាច​ដណ្តើម​ការងារ​ពី​យេីង​បាន​ទេ​ ដូច្នេះ​យើង​ត្រូវ​ខិតខំ​ប្រឹងប្រែង​សិក្សា​​រៀនសូត្រ​ទាំង​ខ្មែរ​ និង​បរទេស​ផង​ ដេីម្បី​តម្រូវតាម​ទីផ្សារ​ការងារ​បច្ចុប្បន្ន​ និង​​ទៅ​ថ្ងៃ​អនាគត​ នៅពេល​បញ្ចប់​ការ​សិក្សា​​ហើយនោះ​ ត្រូវ​សម្លឹង​មើល​ទៅ​មុខ​ឲ្យ​បានវែងឆ្ងាយ​ផងដែរ​ ។

ក្នុង​ពិធី​នោះដែរ​ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ​បានថ្លែងថា ការរៀបចំប្រលងជ្រើសរើសពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គ ពិតជាមានអត្ថន័យ យ៉ាងជ្រាលជ្រៅបំផុត ក្រៅពីការលើកកិត្តិយស និងសមត្ថភាពបុគ្គល គឺវាបានចូលរួមចំណែកបន្តរឹតចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសនីមួយៗ ដែលនៅជាប់ដងទន្លេមេគង្គ ។ ក្រៅពីនោះ វាបានចូលរួមចែករំលែកនូវបទពិសោធន៍ ដល់បញ្ញាវ័ន្ត ក៏ដូចជា អ្នកនិពន្ធ ទាំងឡាយ ដែលស្ថិតនៅជាប់ដងទន្លេមេគង្គ ផងដែរ ។
ឯកឧត្ដមអភិបាលខេត្ត​ បានថ្លែងបន្តថា ការដែលឈានទៅដណ្ដើមបាននូវពានរង្វាន់អក្សរសិល្ប៍ ទន្លេមេគង្គកម្រិតអន្តរជាតិ នាពេលនេះ គឺកិច្ចការលំបាកបំផុត ពីព្រោះថា វាពុំមែនជាការប្រលងកម្រិតផ្ទៃក្នុង នៃប្រទេសយើង ប៉ុណ្ណោះទេ តែវាជាការប្រលងជ្រើសរើសសមត្ថភាព ពិតប្រាកដ ដោយមានការចូលរួមពី បញ្ញាវ័ន្ត កវីនិពន្ធ នៅតាមបណ្ដាប្រទេស ជាប់ដងទន្លេមេគង្គ ចំនួន ៦ រួមមាន ៖ប្រទេសចិន ភូមា ថៃ ឡាវ ប្រទេសកម្ពុជា និងវៀតណាម ។ យ៉ាងណាមិញ ខេត្តកំពង់ចាម ក៏ជាខេត្តសាមី ក្នុងចំណោមអ្នកទទួលបានជ័យលាភី ទាំង២រូប របស់ប្រទេសកម្ពុជាទៀតផង ។ ទាំងអស់នេះ គឺផ្ដើមចេញពីការខិតខំប្រឹងប្រែង ពីបុគ្គលផ្ទាល់ខ្លួន ជាពិសេស អ្នកដឹកដៃ ឬអ្នកបង្ហាត់បង្ហាញ ធ្វើឲ្យយើងមានមូលដ្ឋានច្បាស់លាស់ ក្នុងការសរសេរបានល្អ ពីព្រោះថា ការដែលពូកែខាងផ្នែកអក្សរសិល្ប៍ វាក៏ជាមូលដ្ឋាន នៃការសរសេរប្រវត្តិសាស្ត្របានយ៉ាងល្អ ផងដែរ ។

គួរ​បញ្ជាក់​ថា​ ការប្រកួតប្រជែងពានរង្វាន់អក្សរសិល្ប៍ទន្លេមេគង្គ លើកទី១១ ឆ្នាំ២០២០ គឺបានជ្រើសរើសយកប្រធានបទ «ជីវិត និងនិរន្តរភាពទន្លេមេគង្គ» ។ ក្នុងចំណោមបេក្ខជន ប្រគួតប្រជែងជាច្រើនរូប នៃបណ្ដាប្រទេសទាំង ៦ កម្ពុជាយើង ក៏មានបេក្ខនារី ចំនួន ២រូប ទទួលបានជ័យលាភី ផងដែរ គឺ ៖ ១-កញ្ញា​ លឹម​ ផាន់ណា​ និង២-លោកស្រី​ ឡុង​ លាភសុជាតា ៕