អភិបាលខេត្តកំពង់ធំ បានអញ្ជើញដឹកនាំកម្លាំងសឹករងកំពង់ធំ និងមន្រ្តីរាជការចូលរួមដាំព្រៃលិចទឹក សម្រាប់ជម្រកត្រីពងកូន នៅតំបន់៣ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ

0

ខេត្តកំពង់ធំ៖ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អមដំណើរដោយ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំកម្លាំងចូលរួមដាំដើមឬស្សី និងដើមឈើព្រៃលិចទឹក សម្រាប់ការពារជម្រកត្រីពងកូននៅក្នុងតំបន់៣ ជាប់មាត់បឹងទន្លេសាបក្នុងភូមិសាស្ត្រសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមមេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តមមេបញ្ជាការយោធភូមិភាគទី៤ ព្រមទាំងការដឹកនាំបញ្ជានិងណែនាំផ្ទាល់របស់ឯកឧត្តម ងួន រតនៈ ឧត្តមអភិបាលខេត្តកំពង់ធំ ប្រធានគណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្តកំពង់ធំ កងកម្លាំង របស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ទៅចូលរួមសកម្មភាពជាមួយអាជ្ញាធរថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ក្នុងការស្រាវជ្រាវធ្វើបច្ចុប្បន្នភាពផ្ទៃដីព្រៃលិចទឹកនៅក្នុងតំបន់៣ ដែលត្រូវបានការទន្ទ្រាន កាន់កាប់ខុសច្បាប់ពីជនខិលខូចមួយចំនួនរួចមក។

ក្នុងសកម្មភាពដាំកូនឈើ គឺមានកងកម្លាំងនៅបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី បានការដាំដើមឈើព្រៃលិចទឹកឡើងវិញ នៅតាមទីតាំងដែលរដ្ឋបាលខេត្តបានបែងចែក ដើម្បីទុកជាជម្រកត្រីពងកូន ក្នុងការរក្សាមច្ឆជាតិទុកសម្រាប់អ្នកជំនាន់ក្រោយ ។

មហាជនទូទៅមានការគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការរបស់សម្ដេចអគ្គ មហាសេនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រ កម្ពុជា ក្នុងការ ដកហូតយកព្រៃលិចទឹកក្នុងតំបន់៣ពី ជនខិលខូច ដែល ទន្រាន កាន់កាប់ ដោយ ខុសច្បាប់ ទុកជាសម្បត្តិរដ្ឋ ដើម្បីរក្សាជាជម្រកត្រីពងកូន បម្រើឱ្យសេចក្តីត្រូវការ របស់ប្រជាជនរាប់លាននាក់ នៅពេលបច្ចុប្បន្ននិងទៅអនាគត ។
ដោយ ប៊ុន រដ្ឋា