កំពង់ចាម: ក្នុងកិច្ចប្រជុំបូកសរុបវាយតម្លៃការងារប្រចាំឆ្នាំ២០២១ និងទិសដៅសម្រាប់អនុវត្តក្នុងឆ្នាំ២០២២
របស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តកំពង់ចាម នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា សុខសន្តិភាពពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលជាបំណងប្រាថ្នារបស់បុគ្គលគ្រប់រូប គ្រប់វ័យ ព្រោះបើមានសុខសន្តិភាពនោះ គឺពិតជាមានការអភិវឌ្ឍន៍លើគ្រប់វិស័យ និងគ្រប់ទីកន្លែង ពោលគឺសង្គមជាតិទាំងមូលនឹងមានការរីកចំរើន។
ផ្ទុយទៅវិញបើមានជម្លោះ និងអំពើហឹង្សា គឺជាឧបសគ្គ នៃវឌ្ឍនភាពសេដ្ឋកិច្ចសង្គម របស់ប្រទេសយើង ហើយធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាព ផ្លូវចិត្តអារម្មណ៍ និងរាងកាយរបស់បុគ្គលផងដែរ ។
ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដមអភិបាលខេត្ត បានសំដែងនូវការអបអរសាទរចំពោះបងប្អូននារី ដែលត្រូវបានរាជរដ្ឋាភិបាលគាំទ្រយ៉ាងពេញទំហឹង និងបានទទួលស្គាល់ពីសមត្ថភាព ទាំងចំណេះដឹង ជំនាញ និងឧត្តមភាព ព្រមទាំងសក្តានុពលរបស់ស្ត្រី ដែលធនធានទាំងនោះ សុទ្ធសឹងជាធាតុចូលយ៉ាងសំខាន់សម្រាប់រួមចំណែកដល់កិច្ចអភិវឌ្ឍន៍សង្គម ហើយក៏ជាកត្តារួមចំណែក ធ្វើឱ្យមានសុខសន្តិភាព និងវឌ្ឍនភាពយូរអង្វែងនៅក្នុងសង្គមជាតិ ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានចាត់ទុកថា កិច្ចប្រជុំនេះក៏ជាការរួមគ្នាប្រជុំពិភាក្សាព្រមជាមួយការទទួលយកបទពិសោធន៍រវាងគ្នានឹងគ្នា សំរាប់ការអនុវត្តន៍នាពេលខាងមុខ បានល្អប្រសើរ និងប្រកបដោយជោគជ័យ ក៏ដូចជាការឆ្លើយតបជាមួយសេចក្ដីណែនាំ ព្រមជាមួយនិងការផ្តល់អនុសាសន៍ដ៏មានខ្លឹមសារ និងអត្ថន័យសំរាប់ការអនុវត្តន៍ការងាររបស់សមាគមនារីឲ្យបានកាន់តែប្រសើរឡើង ហើយក៏ជាការបង្ហាញនូវសុឆន្ទៈក្នុងការអនុវត្តន៍សកម្មភាពបំរើប្រជាជនឲ្យបានកាន់តែប្រសើរ ។
ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត ក៏បានលេីកឡេីងថា បច្ចុប្បន្ននេះ ការអនុវត្តន៍កម្មវិធីកំណែទម្រង់នានា ត្រូវបានជម្រុញដោយឈរលើស្មារតី និងឆន្ទៈដ៏មុតស្រួច ប្រកបដោយការទទួលខុសត្រូវ ដោយស្ដែងចេញពីការលើកកម្ពស់អភិបាលកិច្ចល្អ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ឋភាពផងដែរ ៕




































