អាជ្ញាធេខេត្តព្រះសីហនុ បិទកាស៉ីណូមួយកន្លែង ក្រោយកើតករណីចាប់បង្ខាំងមនុស្ស ធ្វើទារុណកម្ម និងជម្រិតទារប្រាក់

0

ខេត្តព្រះសីហនុ៖ អភិបាលរងខេត្តព្រះសីហនុ លោក ម៉ាង ស៉ីណេត នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារចម្រុះ ចុះផ្អាកជាបណ្តោះអាសន្ន អាជីវកម្មកាស៊ីណូទីងស៉ីង មានអាស័យដ្ឋាន ស្ថិតនៅផ្លូវមិត្តភាព ក្រុមទី៤ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

នៅក្នុងការផ្អាកជាបណ្តោះអាសន្ន ការប្រកបអាជីវកម្មកាស៊ីណូទីងស៉ីង ធ្វើឡើងបន្ទាប់ពីរកឃើញកាស៉ីណូនេះ មិនបានអនុវត្តត្រឹមត្រូវតាមសេចក្តីជូនដំណឹង លេខ៩០៧/២១ សជណ ចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្ត ព្រះសីហនុ និងលិខិតបទដ្ឋានគតិយុត្តនានា ដែលកំពុងនៅជាធរមាននៅឡើយ។
យោងតាមរបាយការណ៍របស់ ស្នងការរដ្ឋាននគរបាលខេត្តព្រះសីហនុ បញ្ជាក់ថា កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ កន្លងទៅនេះមានករណីចាប់បង្ខាំងមនុស្ស ធ្វើទារុណកម្ម និងជម្រិតទារប្រាក់នៅក្នុងទីតាំងកាស៉ីណូទីងស៉ីងខាងលើ ហើយត្រូវបានកម្លាំងមានសមត្ថកិច្ចបង្ក្រាបបាន តាមបណ្ដឹងរបស់ភាគីជនរងគ្រោះ។
ហេតុដូច្នេះ រដ្ឋបាលខេត្ត បានសម្រេចបិទអាជីវកម្មកាស៉ីណូទីងស៊ីង ដែលមានអាស័យដ្ឋានស្ថិតនៅផ្លូវមិត្តភាព ក្រុមទី៤ ភូមិ២ សង្កាត់លេខ២ ក្រុងព្រះសីហនុ ជាបណ្ដោះអាសន្ន។ ក្នុងអំឡុងពេលនេះ ស្នងការនគរបាលខេត្ត ត្រូវចាត់តាំងកម្លាំងប្រចាំការ គ្រប់គ្រងទីតាំងនោះ ដើម្បីអនុវត្តនីតិវិធី និងទប់ស្កាត់បទល្មើស រង់ចាំក្រុមការងារចម្រុះរបស់រដ្ឋបាលខេត្ត ចុះអង្កេតស្រាវជ្រាវករណីនេះបានចប់សព្វគ្រប់ និងមិនអនុញ្ញាតឱ្យមានការផ្ទេរសិទ្ធិ ឬការលក់ ឬការជួល ឬការបញ្ចាំ ឬការធ្វើអំណោយទីតាំងនោះទៅឱ្យអ្នកដទៃជាដាច់ខាត ដោយត្រូវរង់ចាំការទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ ជូនកម្មករ និយោជិតរួចរាល់សិន។
ក្នុងករណីមិនអនុវត្តតាមការសម្រេចខាងលើ រដ្ឋបាលខេត្ត នឹងអនុវត្តវិធានការច្បាប់ ជាធរមាន៕