ខេត្តបាត់ដំបង: នំខ្មែរមួយប្រភេទ ដែលធ្វើឡើងពីសាច់ដូងចាស់ របស់អ្នកខេត្តបាត់ដំបង ស្ទើរតែបាត់ឈ្មោះទៅហើយ ដោយសារតែការធ្វើនំនេះ មានពេលយូរ និងត្រូវការភាពអំណត់របស់អ្នកធ្វើផងដែរ។
នំប្រភេទនេះគេអោយឈ្មោះថា ( នំម៉ាក់ប្រាវ ) ដែលប្រើប្រាស់ពីសាច់ដូងចាស់ៗ ជាមួយស្ករស និងប្រើប្រាស់ព៌ណចម្រុះទៅតាមចំណង់ចំណូលចិត្តរបស់អ្នកផលិត និងសម្រាប់ការជ្រើសរើសពីសំណាក់អ្នកទិញផងដែរ។
អ្នកស្រី សាន់ សុគន្ធា ជាបុគ្គលិកសិក្សាមួយរូប រស់នៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង បានរៀបរាប់ថា ក្រៅពីការងាររដ្ឋ អ្នកស្រីត្រូវឆ្លៀតការងាររកសុីនៅផ្ទះខ្លះ ដូចជាការធ្វើនំ ម៉ាក់ប្រាវនេះជាដើម ប៉ុន្តែការធ្វើនំនេះត្រូវអត់ធ្មត់ និងអំណត់ ព្រោះវាត្រូវប្រើពេលវេលាយូរ ។
អ្នកស្រីបានបន្តថា ដំបូងយើងត្រូវជ្រើសរើសផ្លែដូងចាស់ៗ ដើម្បីយកមកធ្វើ បើខ្ចីពេកក៏មិនកើតព្រោះសាច់វាទន់ ដោយត្រូវប្រើពេលកោសដោយខ្នោសដៃ ( ខ្នោសគំរបដប ឬ ក្រលាំងបៀង ) ដើម្បីអោយ កោសបានជាសសៃធំ ហើយវែងៗ ទើបធ្វើនំបានស្អាត ល្អ។
បន្ទាប់មកទើបយើងកូរស្ករស ជាមួយដូងដែលកោសបាន ដោយប្រើភ្លើងតិចៗ និងប្រើពេលយូរទម្រាំទឹកស្កររីង ដោយយើងប្រើលាក់ទៅតាមព៌ណដែលយើងចង់បាន ។ គឺនៅពេលទឹកស្កររីងល្មម ទើបយើងចាក់ម៉ាក់ប្រាវនោះ មកលើក្រដាសកាសែត ដោយធ្វើយ៉ាងណា ប្រញ៉ាប់កាយផ្តុំវាជាដុំតូចៗ ទៅតាមតម្លៃដែលយើងទុកលក់ ព្រោះបើមិនដូច្នេះទេ យូរបន្តិចនំនេះនិងកករឹង ស្រួយ ។
អ្នកស្រីបានបញ្ជាក់ចុងក្រោយថា បច្ចុប្បន្ននំប្រភេទនេះ ស្ទើរតែបាត់ឈ្មោះ និងរូបរាងពីក្នុងខេត្តបាត់ដំបង ទៅហើយ ដោយសារតែគ្មានអ្នកធ្វើ និងដោយសារត្រូវការពេលវេលា ៕ អត្ថបទ : សោ និយមរ័ត្ន