កំពង់ធំៈព្រលានយន្តហោះវិល្លយាវ បានបង្កើតឲ្យមានតាំងពីជំនាន់សម្តេច នរត្តម ស៊ី ហនុ ឬសម័យបារាំង ដែលមានទីតាំងស្ថិតនៅភូមិវិល្លយាវ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឥឡូវដោយសារអំណាចដុល្លា ស្រុក ក្រុង ហ៊ានកុងត្រាលក់ព្រលានយន្តហោះ ឲ្យក្រុមហ៊ុនចាក់សំរាមដោយមិនខ្វល់ ពីការអភិរក្ស នឹងថែរក្សា ទ្រព្យសម្បត្តិរដ្ឋ បែបជាចង់លុបបំបាត់ប្រវត្តិសាស្ត្រ។
ជារៀងរាល់ថ្ងៃ មានរថយន្តដែលបានដឹកសំរាម ចេញពីផ្សាកំពង់ធំ និងផ្សារចាស់ បានដឹកយកទៅចាក់ រាយ ប៉ាយនៅលើផ្ទៃដីរបស់ព្រលានយន្តហោះ វិល្លយាវ ដែលមានទំហំនៃការចាក់សំរាម រហូតដល់ទៅ ២០០ម៉ែត្រ បង្ករភាពភ័យព្រួយដល់ប្រជាលរដ្ឋ ដែលបានទទួលឥទ្ធិពលក្លិនសំរាម ស្អុយរលួយ រសាត់រាយប៉ាយ ពេលផ្ទៃព្រលានយន្តហោះ ដោយគ្មានការអើពើសំណាក់ អាជ្ញាក្រុងស្ទឹងសែន និងបរិស្ថាននោះទេ ។
ជាទូទៅប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ធំ បានសម្តែងនូវការសោកស្តាយ ដែលខេត្តកំពង់ធំធ្លាប់តែជាខេត្ត មួយដែលធ្លាប់មាន ព្រលានយន្តហោះដូចខេត្តដ៏ទៃ និងជាទីកន្លែងដែលធ្លាប់ប្រារព្វពិធី ទទួលសម្តេច ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តែមកដល់ពេលនេះ ព្រលានយន្តហោះនេះបានក្លាយទៅជាទីចាក់សំរាមដ៏ធំរបស់ក្រុមហ៊ុនមួយ ដែលមានការត្រូវរ៉ូវជាមួយក្រុង អនុញ្ញាតិចាក់សំរាមបំពុលបរិស្ថាន។
ពាក់ព័ន្ឋទៅនឹងការដណ្តើមយកព្រលានយន្តហោះ ពីបេះដូងប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ដើម្បីឲ្យព្រលាននេះក្លាយទៅជារបស់បុគ្គល របស់ក្រុមហ៊ុនឯកជននេះ ទាំងអាជ្ញាធរខេត្ត ទាំងបរិស្ថាន ទាំងអាជ្ញាធរក្រុង បានឆ្លើយថា ខាងក្រុមហ៊ុនបានសុំចាក់សំរាមនៅលើ ព្រលាននេះជារៀងរាល់ឆ្នាំ ដោយសារតែនៅរដូវវស្សានេះ ទឹកលិច ហើយជាប់ផុង រថយន្តចាក់សំរាមចូលមិនដល់គោលដៅ ទើបបានជាចាក់នៅលើផ្ទៃព្រលាននេះ រហូតដល់ពេលអស់ភ្លៀងទើបកើបសំរាមនេះទៅចាក់ក្នុងអន្លុង ។
ទោះជាមានការអែបអាងបែបនេះក្តី ប្រជាពលរដ្ឋបានធ្វើការរិះគន់យ៉ាងចាស់ដៃ ដល់អាជ្ញាធរខេត្ត និងអាជ្ញា ធរក្រុង ព្រមទាំងមន្ទីរបរិស្ថាន ខ្វះលទ្ធភាពឆ្លើយឲ្យរួចតែខ្លួន ដោយពួកគាត់អះអាងថា សកម្មភាពនេះបាន ចាក់សំរាមពេញផ្ទៃព្រលានយន្តហោះ វល្លិយាវ បង្ករឲ្យប៉ះពាល់ដល់សុខភាព ប្រជាពលរដ្ឋ ដែលទឹកស្អុយ ហូរពាសពេញទីកន្លែង និងបានសំណូមពរឲ្យក្រុមហ៊ុនដែលទទួលម៉ៅការសំរាម លើកផ្លូវលំសម្រាប់រថយន្ត របស់ខ្លួនដឹកសំរាមទៅចាក់ដល់គោលដៅ ព្រោះមិនមែនរកស៊ីតែមួយថ្ងៃនោះទេ ។
ក្នុងនោះដែរមហាជនទូទៅ បានសំណូមពរដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជួយថែរក្សាព្រលានយន្តហោះវិល្លយាវនេះ ព្រោះជាទ្រព្យសម្បត្តិរបស់មនុស្ស ក្នុងខេត្តកំពង់ធំ ក៏ដូចជាប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដើម្បីឲ្យកូនខ្មែរជំនាន់ក្រោយៗទៀត បានដឹងថា ខេត្តកំពង់ធំក៏មានព្រលានយន្តហោះដែរ។