បើកម៉ូតូពេលយប់ក្នុងល្បឿនលឿន ព្រលះម៉ូតូដែលនៅពីមុខ ធ្វើអោយម្ខាងបាក់ជើង និងម្ខាងទៀតស្លាប់

ខេត្តបាត់ដំបង: យ៉ាងហោចណាស់ក៏មានភាគីម្ខាងបាក់ជើងឆ្វេង និងភាគីម្ខាងទៀតស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីមានការប៉ះទង្គិចគ្នារវាងម៉ូតូ និងម៉ូតូ ក្នុងល្បឿនលឿន រួចមក។

លោកអធិការរង អុឹង សុវណ្ណ បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើង នាថ្ងៃទី១៧ ខែ ធ្នូ ឆ្នាំ២០២១ វេលាម៉ោង ៧ យប់ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី២២ ស្ថិតក្នុងភូមិពពាលខែ ឃុំជ្រៃ ស្រុកថ្មគោល ខេត្ត

បាត់ដំបង រវាងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុន C១២៥ ព៌ណខ្មៅ ស៊េរី២០១៧ ពាក់ស្លាកលេខ បាត់ដំបង 1Y-4424 បើកបរដោយឈ្មោះ ទឹម សុធី ភេទប្រុស អាយុ៣២ឆ្នាំ  មានទីលំនៅភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងនិងខេត្តបាត់ដំបង ជាមួយនិងម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ព៌ណខ្មៅ ស៊េរី២០១៤ ពាក់ស្លាកលេខ បាត់ដំបង1O-3045 បើកបរដោយឈ្មោះ ក្រង កញ្ខរិទ្ធ  ភេទប្រុស អាយុ១៨ឆ្នាំ  មានទីលំនៅភូមិក្បាលខ្មោច ឃុំជ្រៃ ស្រុកថ្មគោល ។

លោកអធិការរងបានបន្តថា តាមការចុះពិនិត្យទីតាំងកើតហេតុ និងតាមការបំភ្លឺពីសាក្សីមួយចំនួនគឺបានអះអាងថា គឺម៉ូតូស៊េរី២០១៤ ធ្វើដំណើរពីកើតទៅលិចក្នុងល្បឿនលឿន លុះពេលមកដល់កន្លែងកើតហេតុ បានបុកទាំងកម្រោលទៅលើម៉ូតូស៊េរី២០១៧ ដែលកំពុងធ្វើដំណើរច្រាស់ទិសគ្នា បណ្តាលអោយភាគីបង្ករងរបួសធ្ងន់ និងបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យនគរបាល រីឯភាគីរងគ្រោះ បានបាក់ជើងឆ្វេងម្ខាង ។

ករណីនេះ ជំនាញនៃអធិការដ្ឋាននគរបាលស្រុក ថ្មគោល បានវាស់វែង និងដកហូតសម្ភារ:តាង គឺម៉ូតូ ២ គ្រឿង យកទៅរក្សាទុកនៅអធិការដ្ឋានជាបណ្តោះអាសន្ន ដើម្បីចាត់ការតាមនីតិវិធី ៕ អត្ថបទ : សោ និយមរ័ត្ន