គ្រាប់ត្នោតពូជជាង ២ មុឺន គ្រាប់ នឹងត្រូវដាក់ដាំឡើងវិញ លើដីតំបន់៣ ដែលបានដកហូតពីជនទុច្ចរិត

0

ខេត្តបាត់ដំបង: គ្រាប់ត្នោតពូជ ចំនួន ២២.០០០ គ្រាប់ ដែលជាអំណោយរបស់ឯកឧត្តម ជា សុផារ៉ា នឹងត្រូវដាំឡើងវិញ នៅក្នុងភូមិសាស្ត្រស្រុកចំនួន៤ នាមាត់បឹងទន្លេសាប ក្រោយពីបានដកហូតយកមកវិញពីសំណាក់ក្រុមជនឱកាសនិយមដែលបានឆ្លៀតទន្ទ្រានកាន់កាប់ដីរដ្ឋធ្វើជាសម្បត្តិឯកជនមួយរយ:កន្លងទៅនេះ។

ការផ្តល់គ្រាប់ត្នោតពូជនេះ បានធ្វើឡើងនាព្រឹក ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១ ដែលដឹកនាំដោយលោក សោ វណ្ណា ប្រធាននាយកដ្ឋានភូមិសាស្រ្ត នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមការងារ បាននាំយកគ្រាប់ត្នោត(ពូជ) ចំនួន ២២.០០០ គ្រាប់បន្ថែមទៀត ដែលជាអំណោយរបស់ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជូនដល់ រដ្ឋបាលខេត្តបាត់ដំបង តាមរយៈ លោក អ៊ុយ សុធាវី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាតំណាង ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានផ្តល់គ្រាប់ត្នោតបន្ថែមទៀតចំនួន ២២.០០០ គ្រាប់ មកដល់រដ្ឋបាលខេត្ត សម្រាប់យកទៅដាក់ដាំឡើងវិញនៅទីតាំងដីតំបន់៣ ដែលទទួលរងការកាប់ទន្រ្ទានដីព្រៃលិចទឹក មាត់បឹងទន្លេសាប នាកន្លងមក បន្ទាប់ពីក្រុមការងារបានដាំកូនឈើលិចទឹកចំនួន ៥.០០០ ដើម រួចមក ក្នុងនោះក៏មានកូនឫស្សីអត់បន្លាចំនួន ១.០០០ ដើមផងដែរ៕ អត្ថបទ : សោ និយមរ័ត្ន