កំពង់ឆ្នាំង៖ការស្នើសុំរបស់ប្រជាពលរដ្ឋអោយអាជ្ញាធរឃុំ ស្រុក កាលពី១០ថ្ងៃមុន ក្នុងវេទិការសាធារណៈមួយ ស្ថិតនៅក្នុងវត្តត្រពាំងស្នោរ ភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ស្តីពីករណីម្ចាស់ស្ថានីយ៍ប្រេងមួយកន្លែងបានសង់សំយ៉ាបគ្រប និងរបងបិទជិតផ្លូវសាធារណៈដែលមានប្រវែងប្រមាណ១០០ម៉ែត្រសំរាប់ប្រជាពលរដ្ឋធ្វើដំណើរចេញចូលទៅស្រែចំការនោះ មិនត្រូវបានអាជ្ញាធរឃុំ ស្រុកដោះស្រាយនូវទុក្ខកង្វល់របស់ពួកគាត់នៅឡើយទេ។ដែលករណីនេះត្រូវបានប្រជាពលរដ្ឋនៅក្នុងឃុំរលាប្អៀរស្នើសុំលោកអភិបាលខេត្ត និងក្រុមការងារថ្នាក់ជាតិចុះជួយស្រុករលាប្អៀរ មេត្តាជួយដោះស្រាយនូវការលំបាករបស់គាត់ផង។
នៅព្រឹកថ្ងៃទី២៨ ខែសីហានេះ ប្រជាពលរដ្ឋនៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ បានអោយដឹងថា៖ផ្លូវលំលើខ្នងប្រឡាយប៉ែកខាងត្បូង ស្ថិតនៅក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ជាប់ផ្លូវជាតិលេខ៥ដែលមានទទឹងប្រវែង៤ ម៉ែ ត្រ បណ្តោយប្រមាណ១០០ម៉ែត្រ ជាផ្លូវលំសាធារណៈសំរាប់ប្រជាពលរដ្ឋធ្វើដំណើរ ត្រូវបានម្ចាស់ស្ថានីយ៍ ប្រេងឈ្មោះ ឡាក់ ឡេង រំលោភយកសាងសង់សំយ៉ាបដំបូលពីលើ និងធ្វើរបងព័ទ្ធជិតនាំអោយរាំងស្ទះការធ្វើដំណើរជិត២ឆ្នាំមកហើយមកដល់ពេលនេះមិនត្រូវអ្នកណាដោះស្រាយបើកផ្លូវនោះវិញនៅឡើយ។
នៅក្នុងវេទិការសាធារណៈមួយកន្លងទៅថ្មីៗនេះ ពួកគាត់បានសំណូមពរដល់លោកជំទាវ ម៉ាត់ ម៉ារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុករលាប្អៀរ,លោកអភិបាលរងខេត្ត លោកអភិបាលស្រុក និងលោកមេឃុំ ជួយដោះស្រាយបើកផ្លូវនោះអោយប្រជាពលរដ្ឋធ្វើដំណើរជាសាធារណៈដូចដើមវិញផង។តែមក ដល់ពេលនេះមានរយះពេល១០ថ្ងៃហើយ សកងាត់សូន្យមិនទាន់មានដំណោះស្រាយណាមួយនៅឡើយ។
សូមរំលឹកថា៖ក្នុងរឿងនេះលោក ពៅ ឈឿន មេឃុំរលាប្អៀរបានបំភ្លឺនៅក្នុងវេទិការសាធារណៈនោះថាលោក ឡាក់ ឡេង ម្ចាស់ស្ថានីយ៍ប្រេងបានជាជ្រុលធ្វើដំបូលសំយ៉ាប និងរបងរាំងបិទផ្លូវនោះទៅហើយ ប៉ុន្តែលោក ឡាក់ ឡេង បានធ្វើកិច្ចសន្យាជាមួយអាជ្ញាធរឃុំថា លោកនឹងរុះរើសំយ៉ាបនិង របងចេញវិញនៅពេលរដ្ឋតំរូវការ តែពេលនេះប្រជាពលរដ្ឋស្នើសុំអោយជួយបើកផ្លូវនេះដើរវិញ ម្តេចក៏គ្មានអ្នកដោះស្រាយ។
ក្នុងរឿងនេះ លោក សួង សែ ប្រធានភូមិបាលស្រុករលាប្អៀរបានអោយដឹងដែរថា៖ជំនាញរបស់លោកបានអនុញ្ញាតិអោយសាងសង់ស្ថានីយ៍ប្រេងនេះក្នុងរង្វង់ប្លង់ដីស្របច្បាប់របស់ឈ្មោះ ឡាក់ ឡេង តែប៉ុណ្ណោះ ចំណែកការសាងសង់ហួសប្លង់កំណត់ជំនាញរបស់លោកមិនអនុញ្ញាតិឡើយ។ពាក់ព័ន្ធនឹងការសាងសង់សំយ៉ាប និងរបងបិទផ្លូវនៅលើខ្នងប្រឡាយ លោកគិតថាជាសមត្ថកិច្ចរបស់មន្ទីរធនធានទឹកឬមន្ទីរកសិកម្មជាអ្នកដោះស្រាយ។
ការបកស្រាយរបស់លោកមេឃុំ និងជំនាញពាក់ព័ន្ធខាងលើនេះ ធ្វើអោយប្រជាពលរដ្ឋងឿងឆ្ងល់ថា៖ម្តេចម្នាក់ៗឆ្លើយដោះស្រាយយករួចតែខ្លួន មិនគិតផលប្រយោជន៍រាស្ត្រជាធំ តែកន្លងទៅអោយតែមានសំណង់របស់ប្រជាពលរដ្ឋចាប់ផ្តើមសាងសង់នៅក្នុងដីភូមិរបស់ពួកគាត់ គេតែងតែឃើញខាងសមត្ថកិច្ច អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញចេញចូលស្ទើររូងផ្លូវភូមិគាត់ទៅហើយដើម្បីសួរនាំរកច្បាប់ទម្លាប់។ចំណែកឈ្មោះ ឡាក់ ឡេង ដែលបានសង់រំលោភយកផ្លូវសាធារណៈរបស់រដ្ឋនៅអែបនឹងផ្លូវជាតិជិត២ឆ្នាំទៅហើយពេលពួកគាត់សុំអោយអាជ្ញាធរនិងជំនាញជួយបើកផ្លូវវិញនោះ បែរជាគេធ្វើមិនដឹងមិនឭទៅវិញ!!។
ករណីនេះអ្នកយកព័ត៌មានយើងក៍បានសុំការបកស្រាយកពី លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងកាលពីរសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៤ តែលោកអភិបាលខេត្តបានមានប្រសាសន៍ថា នៅក្នុងវេទិការសាធារណៈនៅវត្តត្រពាំងស្នោរនោះ លោកមិនបានចូលរួមនោះទេ ហើយក៍មិនទាន់ឃើញលោកអភិបាលរងដែលបានទៅចូលរួមនោះ រាយការណ៍មកដែរ។នៅក្នុងរឿងនេះ លោកអភិបាលខេត្តនឹងធ្វើការស្រាវជ្រាវជាមួយអង្គភាពពាក់ពន្ធ័ នឹងត្រូវតែដោះស្រាយបើកផ្លូវដើរជាសាធារណៈជូនប្រជាពលរដ្ឋវិញ មិនទុកអោយគេរំលោភយកស្រេចតែចិត្តនោះឡើយ៕