តាកែវ៖ទំនិញខូចគុណភាព និងទំនិញក្លែងក្លាយ ទំនិញមានសារធាតុគីមី សរុបចំនួន ២,៩៣៥គីឡូ ក្រាម ត្រូវបានមន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(កបប)ខេត្តតាកែវ ធ្វើការដុតបំផ្លាញចោលនៅទីលានចាក់សំរាម ស្ថិតនៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ នាព្រឹកថ្ងៃច័ន្ទ ទី ២០ ខែធ្នូ ឆ្នាំ២០២១នេះ ។
លោក លី សេរីសម្បត្តិ ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ(កបប)ខេត្តតាកែវ បានបញ្ជាក់ប្រាប់ថា ទំនិញខូចគុណភាព និងទំនិញក្លែងក្លាយ ទំនិញដែលមានសារធាតុគីមីប្រមាណជិត៣តោននេះ ត្រូវបានមន្រ្តីជំនាញសាខាកបបខេត្ត ចុះពិនិត្យ និងដកហូតបាននៅតាមបណ្តាទីផ្សារនានាទូទាំងខេត្ត ក្នុងរយៈពេល៦ខែកន្លងទៅនេះ ។
លោក លី សេរីសម្បត្តិ បញ្ជាក់ទៀតថា ទំនិញទាំងអស់នេះ ភាគច្រើនជាប្រភេទទំនិញគ្រឿងកំប៉ុង ទឹកក្រូច ទឹកដោះគោ នំធុង និងស្រាបៀរជាដើម ដែលហួសកាលបរិច្ឆេទប្រើប្រាស់ និងមួយចំនួនទៀតមានផ្ទុកសារធាតុគីមី ហើយក្នុងនោះក៏មានអាគុលក្លែងក្លាយផងដែរ ដែលទំនិញទាំងអស់នេះគឺពិតជាមានផលប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរទៅដល់បងប្អូនប្រជាពលរដ្ឋនៅពេលពួកគាត់បានប្រើប្រាស់ ដូច្នោះក្នុងនាមមន្រ្តីជំនាញសាខាក.ប.បខេត្តតាកែវ យើងនឹងបន្តខិតខំចុះត្រួតពិនិត្យទំនិញទាំងអស់ ដែលដាក់លក់នៅតាមបណ្តាទីផ្សារនានាទូទាំងខេត្តតាកែវ ដើម្បីធានាសុវត្ថិភាពចំណីអាហារ ហើយមិនប៉ះពាល់សុខភាពរបស់បងប្អូនប្រជាពលរដ្ឋ ។
លោកប្រធានសាខាក.ប.បខេត្ត ក៏បានអំពាវនាវទៅដល់បងប្អូនដែលជាក្រុមអាជីវករលក់ដូរចំណីអាហារឬលក់គ្រឿងកំប៉ុង សូមមេត្តាលក់ដូរដោយភាពស្មោះត្រង់កុំដាក់បន្ថែមនូវសារធាតុគីមី ដើម្បីឱ្យទំនិញទាំងនោះមានសភាពល្អជាដាច់ខាត ព្រោះវាពិតជាបង្កាគ្រោះថ្នាក់ដល់សុខភាពរបស់អ្នកប្រើប្រាស់ ហើយក្នុងនោះដែរក៏ត្រូវឧស្សាហ៍ពិនិត្យមើលដោយខ្លួនឯងនៅកាលបរិច្ឆេទប្រើប្រាស់ កុំដាក់លក់ទំនិញណាដែលគ្មានគុណភាព ដើម្បីធានានូវសុខមាលភាពសាធារណៈ ។
ជាមួយគ្នានេះដែរ បើតាមលោក លី សេរីសម្បត្តិ ចំពោះការដកហូតទំនិញខូចគុណភាព ទំនិញក្លែងក្លាយ និងទំនិញមានសារធាតុគីមីខាងនេះដែរ ខាងមន្រ្តីជំនាញរបស់លោក ក៏បានធ្វើការផាកពិន័យ និងបានអប់រំណែនាំទៅដល់អាជីវករ ត្រូវបញ្ឈប់ជាបន្ទាន់ចំពោះការដាក់លក់ទំនិញគ្មានគុណភាពទាំងនេះនៅលើទីផ្សារផងដែរ ៕





































