យុវជនម្នាក់ ធ្វើអត្តឃាតដោយអារកសម្លាប់ខ្លួននៅមិនទាន់ដឹងមូលហេតុ

ខេត្តបាត់ដំបង: យុវជនវ័យជាងម្ភៃឆ្នាំម្នាក់ បានសម្រេចធ្វើអត្តឃាតសម្លាប់ខ្លួនឯងនៅកណ្តាលវាលស្រែ បន្ទាប់ពីត្រូវប្រជាពលរដ្ឋប្រទះឃើញ ដេកស្លាប់នៅក្នុងថ្លុកឈាម។

ហេតុការណ៍ដែលបង្កអោយមានការភ្ញាក់ផ្អើលនេះបានកើតឡើង នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង១១ និង ៣០ នាទី ថ្ងៃត្រង់ នៅចំណុចវាលស្រែ ក្នុង ភូមិអូរមុនី២ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្ដបាត់ដំបង ។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋដែលបានប្រទះឃើញមនុស្សស្លាប់រួចមក កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ បានសហការជាមួយកម្លាំងការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់  និង ការិយាល័យបច្ចេកទេសនិងវិទ្យាសាស្រ្ត នៃស្នងការដ្ឋាននគរបាលខេត្ត បានចុះធ្វើការស្រាវជ្រាវស៊ើបអង្កេតនិងកំណត់អត្តសញ្ញាណរបសសពភ្លាមៗតែម្តង។

សពយុវជននោះមានឈ្មោះ វ៉ិត រក្សា អាយុ២៤ឆ្នាំ មានទីលំនៅ ភូមិតាកុក ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង ដោយតាមការវាយតំលៃនិងសន្និដ្ឋានជំហានដំបូងរបស់កំលាំងជំនាញសាកសពជនរងគ្រោះ បានធ្វើអត្តឃាតដោយប្រើប្រាស់កាំបិតកែច្នៃ អារ.កសម្លាប់ខ្លួនឯងនៅចំនុចកើតហេតុខាងលើ ដោយសារតែមានស្នាមដាច់រយះនៅនិងបំពង់.ក។

បច្ចុប្បន្នកម្លាំងជំនាញបានប្រគល់សពទៅអោយក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីហើយ ដោយឡែកចំពោះមូលហេតុនៃការសម្រេចធ្វើអត្តឃាតនេះ សមត្ថកិច្ចកំពុងស្រាវជ្រាវ ដោយមិនទាន់ដឹងពិតប្រាកដនៅឡើយ ៕