ភ្នំពេញ៖ យុវជនម្នាក់ជិះម៉ូតូមួយគ្រឿងបានបែកជែងរថយន្តមួយគ្រឿងដឹកស៊ីម៉ង់ត៍ជែងមិនផុតបាន ប៉ះដៃចង្កូតជាមួយរថយន្តដឹកស៊ីម៉ង់ត៍បោកទៅចូលក្រោមរថយន្តក្រុងរបស់ក្រុមហ៊ុន រិទ្ធិមុន្នី បណ្តាលឲ្យរងរបួសធ្ងន់ដោយបាក់ជើងទាំងពីរនិងបែកក្បាល ក្រោយពេលកើតហេតុអ្នកបើកបររថយន្តបង្កបានគេចខ្លួនបាត់ ។
កាលពីវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៤ ស្ថិតនៅតាមផ្លូវជាតិលេខ៤ ទល់មុខសាលាសង្កាត់កន្ទោក ភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។ ជនរងគ្រោះឈ្មោះ ឡេង សុធា អាយុ២២ឆ្នាំ មុខរបរជាកម្មករ ស្នាក់ភូមិត្រពាំងគុល សង្កាត់កន្ទោក និងមានស្រុកកំណើត នៅខេត្តកំពង់ឆ្នាំង ជិះម៉ូតូម៉ាកស្មាស់រីវ៉ូពណ៌ខ្មៅពាក់ស្លាកលេខកំពង់ឆ្នាំង 1B-2299 ។
ចំណែកឯរថយន្តបង្កវិញជារថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុនរិទ្ធិមុន្នី ពាក់ស្លាកលេខភ្នំពេញ 3B-8242 អ្នកបើកពុំត្រូវបានគេស្គាល់ឈ្មោះនោះទេ ។ សាក្សីឃើញហេតុការបាននិយាយថា មុនពេលកើតហេតុគេឃើញយុវជនខាងលើជិះម៉ូតូម្នាក់ឯងក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនលុះដល់ចំណុចកើតហេតុបានឡើងវ៉ារថយន្តមួយគ្រឿងប្រភេទដឹកស៊ីម៉ង់ត៍ដែលបើកបរស្របទិសគ្នានោះ ប៉ុន្តែខណៈវ៉ានោះស្រាប់តែវ៉ាក់ជាមួយរថយន្តក្រុងដែល បើកបរច្រាស់ទិសគ្នាក៏ងាកចូលមកចំណែកស្តាំដៃខ្លួនវិញទើបប៉ះដៃចង្កូតជាមួយរថយន្តដឹកស៊ីម៉ង់ត៍ បោកទៅចូលរថយន្តក្រុងចំពីមុខបុកម៉ូតូចូលក្រោមរថយន្តអូសប្រហែលជាជិត១០០ម៉ែត្រទើបឈប់ ប៉ុន្តែសំណាងល្អអ្នកបើកបរម៉ូតូគ្រាន់តែរថយន្តរងរបួសបាក់ជើងនិងបែកក្បាលពុំប៉ះពាល់ដល់អាយុជីវិតនោះ ។ 
ក្រោយពេលកើតហេតុអ្នកបើករថយន្តបង្កបានចុះចេញពីរថយន្តរួចហើយឡើងរថយន្តផ្សេង គេចខ្លួនបាត់ ។ ភ្លាមៗនោះនគរបាលមូលដ្ឋានបានជួយអន្តរាគមន៍ហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះយកទៅមន្ទីរពេទ្យព្រះកុសមៈហៅមន្ទីរពេទ្យលោកសង្ឃដើម្បីជួយសង្គ្រោះអាយុជីវិតបន្ទាន់ ចំណែកវត្ថុតាងទាំងពីរត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីរង់ដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ 



































