ខេត្តបាត់ដំបង: ដីបឹងបុរាណមួយកន្លែង ដែលមានបណ្តោយជាប់និងផ្លូវជាតិ ត្រូវបានអ្នកមានអំណាចម្នាក់ចាក់ដីទន្ទ្រានយកមាត់បឹង
ដែលនៅជាប់ផ្លូវជាតិដើម្បីធ្វើជាកម្មសិទ្ធិ ដោយទុកអោយតួបឹងដែលកំពុងរួមតូច ទៅនៅខាងក្រោយដីរបស់ខ្លួនទៅវិញ។
ការចាក់ដីដែលបម្រុងធ្វើជាទីតាំងម៉ាត និងស្ថានីយ៍ប្រេងឥន្ធនៈ នេះ ត្រូវបានពលរដ្ឋរាយការណ៍មកថា ប្រមាណជិតមួយខែនេះ ដោយម្ចាស់ទីតាំងបានសម្រុកចាក់ដីយ៉ាងលឿនជាទីបំផុត រួមជាមួយនិងសំណង់រឹងត្រៀមអណ្តែតខ្លួនឡើងលើទីតាំងនេះផងដែរ ដោយទីតាំងនេះស្ថិតនៅចំណុច ( បឹងត្រាវ ) ក្នុងភូមិសំរោង ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។
ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះបានអះអាងថា
ប្រវត្តិដីនេះកាលពីសម័យរដ្ឋកម្ពុជា គឺជាបន្ទាយទាហានរបស់ គ.១៣២ ដែលគ្រប់គ្រងដោយលោក ជឹម ភើយ ( អតីតមេបញ្ជាការរង យោធភូមិភាគទី៥ ) ដែលបច្ចុប្បន្នបានចូលនិវត្តន៍ លុះក្រោយមកក៏មានការផ្លាស់ប្តូរបន្ទាយ ដោយឡែកដីនៅក្នុងតំបន់នេះក៏ត្រូវបានលោក ជឹម ភើយ កាន់កាប់តែម្តង រហូតមានការប្រឹងផ្តល់ពីសំណាក់ប្រជាពលរដ្ឋនៅក្នុងតំបន់នេះតែមិនអាចឈ្នះលោកជឹម ភើយ បានឡើយ ។



ប្រភពដដែលបានបន្តថា ដោយឡែកសម្រាប់បឹងត្រាវ ត្រូវបានអាជ្ញាធរ អោយរក្សាទុកជាសម្បត្តិរដ្ឋដដែល សម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម ដោយផ្ទៃបឹងត្រាវនេះ មានទំហំ និងបណ្តោយរហូតមកទល់និងផ្លូវជាតិលេខ ៥៧ ( អតីត ផ្លូវជាតិលេខ ១០ ) ។
លុះនៅពេលថ្មីៗនេះ ប្រជាពលរដ្ឋបានសួរទៅលោកមេភូមិសំរោង ដោយសារតែឃើញលោក ជឹម ភើយ ចាប់ផ្តើមដាក់គ្រឿងចក្រ និងចាក់ដីលុបមាត់បឹងតាមបណ្តោយផ្លូវជាតិ ។ នៅពេលនោះដែរ លោក សេម ដែលជាមេភូមិបានបញ្ជាក់ប្រាប់ថា ( គេខ្ចីដីប្រើមួយរយ: ) លុះពេលប្រាប់អ្នកសារព័ត៌មាន គឺលោកមេភូមិបាននិយាយថា ដីខាងមុខនេះ គេទិញពីយាយវឿន !.. ហេតុដូច្នេះហើយទើបមានប្រភពជាច្រើនបានចោទប្រកាន់ថា ប្រាកដជាមានការឃុបឃិតគ្នាជាប្រព័ន្ធក្នុងការលក់ដីចំណីបឹងនេះជាមិនខាន។
នៅព្រឹកថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០២១ នេះ លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង បានឆ្លើយតបអ្នកសារព័ត៌មានថា លោកនឹងចាត់អោយក្រុមការងារចុះត្រួតពិនិត្យ។ មិនបានប៉ុន្មានម៉ោងផង នៅរសៀលថ្ងៃដដែល លោកអភិបាលស្រុកបាណន់ ស្រេង សុខា បានចាត់កម្លាំងចុះទៅហាមឃាត់ការសាងសង់ ព្រមទាំងបានចេញលិខិតមួយច្បាប់ប្រគល់ដល់លោក ជឹម ភើយ ដើម្បីអនុវត្តន៍តាម។
ខ្លឹមសារលិខិតជូនដំណឹងនោះបានបញ្ជាក់ថា :
១.ត្រូវបញ្ឈប់ការចាក់បំពេញអាចម៍ដីដែលនៅជាប់មាត់បឹង និងតាមបណ្តោយផ្លូវជាតិលេខ ៥៧ ។
២.ត្រូវផ្អាកការសាងសង់សំណង់គ្រប់ប្រភេទ ជាបណ្តោះអាសន្ន លុះត្រាមានលិខិតអនុញ្ញាតិពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ។
ក្នុងករណីម្ចាស់មិនអនុវត្តតាមខ្លឹមសារលិខិតនេះទេ នឹងត្រូវប្រឈមមុខតាមផ្លូវច្បាប់ជាធរមាន ៕ អត្ថបទ: ព្រាប.ស




































