បន្ទាយមានជ័យ: ព្រោះតែបុរសពីរនាក់ បានលួចយកឈ្មោះលោកអភិបាល និងលោកអភិបាលរងខេត្តនេះទៅប្រើដើម្បីឆបោកពលរដ្ឋ ដោយចង្អុលយកដីគេលក់យកលុយជាង ២០ ម៉ឺនបាត ប្រាក់ថៃ ពីពលរដ្ឋនៅឃុំភូមិថ្មី និងឃុំថ្មពួក ត្រូវបានប៉ូលិសការិយាល័យកណ្តាលព្រហ្មទណ្ឌ សហការនឹងប៉ូលិសប៉ុស្តិ៍រដ្ឋបាល និងអធិការដ្ឋានក្រុងសិរីសោភ័ណ និងស្រុកថ្មពួក កាលពីថ្ងៃទី២៧-២៨ សីហានេះ បានបំបែករឿងក្តីដ៏ក្តៅក្រហាយមួយរបស់គណៈអភិបាលខេត្តបន្ទាយមានជ័យ។
បុរសម្នាក់ ក្នុងចំណោមពីរនាក់នោះ គឺជាអតីតប្រធានគណបក្សនរោត្តម រណឫទ្ធិ ប្រចាំខេត្តបន្ទាយមានជ័យលោកវរសេនីយ៍ឯក សិទ្ធិ ឡោះ ស្នងការរងនិងជានាយការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ប្រាប់នៅថ្ងៃទី២៨ សីហាថា ជនសង្ស័យជាមេខ្លោងឆបោក ១-ឈ្មោះយិន សារឿន ហៅអ៊ុក ច័ន្ទឌី ភេទប្រុស អាយុជាង ៤០ឆ្នាំ លំនៅផ្លូវទី៦ ភូមិ/សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
បុរសនេះ ជាអតីតនាយនគរបាលព្រំដែន និងជាអតីតមេគណបក្សនរោត្តមរណឬទ្ធិ ខេត្តបន្ទាយមានជ័យ។ ២-ឈ្មោះ វ៉ាន់ សាវឿន ភេទប្រុស អាយុជាង ៤០ឆ្នាំ ជាភ្នាក់ងារកាសែតមួយ លំនៅភូមិគោកស្វាយ ឃុំភូមិថ្មីស្រុកថ្នពួក។ បុរសឈ្មោះ យិន សារឿន ហៅ អ៊ុក ច័ន្ទឌី ត្រូវចាប់ខ្លួននៅសិរីសោភ័ណ កាលពីព្រឹកថ្ងៃទី២៧សីហា។ រីឯវ៉ាន់ សាវឿន ត្រូវចាប់ខ្លួននៅថ្មពួក កាលពីព្រឹកថ្ងៃទី២៨សីហាលោក សិទ្ធិ ឡោះ និយាយបន្តថា ការចាប់ខ្លួននេះធ្វើឡើងតាមបទបញ្ជាររបស់លោក គោស៊ុំ សារឿត អភិបាលខេត្ត និងអភិបាលរងខេត្ត ដែលជនសង្ស័យបានអួតក្អេងក្អាងថា ជាក្មួយ ជាក្រុមការងាររបស់ខេត្ត និងយកឈ្មោះគណៈអភិបាលខេត្ត ទៅប្រើ ដើម្បីឆបោកពលរដ្ឋ និងតាមបទបញ្ជារបស់លោក អាត់ ខែម ស្នងការនគរបាលខេត្ត ព្រមទាំងតាមបណ្តឹងរបស់ពលរដ្ឋរងគ្រោះនៅឃុំភូមិថ្មី និងឃុំថ្មពួក។
ពលរដ្ឋរងគ្រោះអោយដឹងថា យិន សារឿន ហៅអ៊ុក ច័ន្ទឌី និង វ៉ាន់ សាវឿន បានអួតអាងថា ពួកគេជាក្មួយរបស់លោក គោស៊ុំ សារឿត អភិបាលខេត្ត និងលោក ចុង ផែត អភិបាលរងខេត្តនៃខេត្តបន្ទាយមានជ័យ និងជាក្រុមការងារថ្នាក់លើ មានសិទ្ធិអំណាចយកដីធ្លីកសិកម្មនៅជិតភ្នំព្រះ ភូមិសាស្ត្រឃុំថ្មពួក ឃុំភូមិថ្មី មកបែងចែកលក់ដូរដល់ពលរដ្ឋខ្វះខាតដីដែលចង់បាន។ គឺយកដីចម្ការរានព្រៃចំណុចខាងលើ លក់អោយពលរដ្ឋទំហំប្រហែល ៥០ ហិចតា ក្នុងចំណោមជាង ២៨០ ហិចតាក្នុងតម្លៃ ២៨ ម៉ឺនបាត ប្រាក់ថៃ។
ពលរដ្ឋរងគ្រោះ បានរៃអង្គាសប្រមូលលុយបានចំនួន ២៣២.០០០ បាត ប្រាក់ថៃ (ជាង ៧.០០០ ដុល្លារ) យកមកអោយឈ្មោះយិន សារឿន ហៅអ៊ុក ច័ន្ទឌី និង វ៉ាន់ សាវឿន ព្រមទាំងបក្ខពួកមួយចំនួនទៀតនៅរមណីយដ្ឋានសួនស្នេហ៍ជនបទ សង្កាត់ទឹកថ្លាក្រុងសិរីសោភ័ណ កាលពីជាង ២ខែមុន ដោយមានលិខិតប្រគល់ទទួលលុយដែលមានតែស្នាមមេដៃអ្នកប៉ុន្មាននាក់នេះ ដែលឆបោកថា ជាក្រុមការងារ តែមិនដឹងជាការងារខាងស្អីទេ។
ទាក់ទិនទីតាំងដីចំណុចជិតភ្នំព្រះ ភូមិសាស្ត្រឃុំថ្មពួក ដែលជនឆបោកខាងលើ គឺតាមការចង្អុលយករបស់ឈ្មោះវ៉ាន់ សាវឿន ដែលស្គាល់ច្បាស់នៅមូលដ្ឋាប៉ុន្តែប្រភពពីម្ចាស់ដីនោះ បានប្រាប់នៅថ្ងៃទី២៨ សីហាថា ដីចម្ការនោះ ជាកម្មសិទ្ធិរបស់ពលរដ្ឋ ១៥ គ្រួសារ ដែលមានទំហំសរុប ២៩០ ហិចតា ហើយត្រូវបានវាស់វែងរូចដោយក្រុមការងារបច្ចេកទេសសុរិយោដី និងយុវជនស្ម័គ្រចិត្តសម្តេចតេជោហ៊ុន សែន ក្នុងយុទ្ធនាការអនុវត្តបទបញ្ជាលេខ ០១ ប ប កាលពីឆ្នាំ២០១២រួចហើយ តែពុំទាន់ចេញប័ណ្ណ។
ដូច្នេះជនសង្ស័យឆបោកជាប់ចោទ ទី១-ក្លែងបន្លំយកឈ្មោះអភិបាល អភិបាលរងខេត្តបន្ទាយមានជ័យ ទៅឆបោកលុយពីពលរដ្ឋ។ ទី២-រំលោភបំពានខុសច្បាប់យកដីមានកម្មសិទ្ធិរបស់ឯកជនពលរដ្ឋ ១៥ គ្រួសារ។ជនសង្ស័យ យិន សារឿន ហៅអ៊ុក ច័ន្ទឌី និង វ៉ាន់ សាវឿន ដែលឆបោក និងយកឈ្មោះអភិបាលខេត្តទៅប្រើខុសច្បាប់ទាំងពីរនាក់ បដិសេធផ្នែកខ្លះ នៃការចោទប្រកាន់ តែថា ពិតជាបានយកលុយជាង ២០ ម៉ឺនបាត ពីពលរដ្ឋ ដែលទិញដីរបបរបស់ក្រុមការងារមែន។ លុយនោះ ចែកគ្នាចាយ។ ជនសង្ស័យអាចនឹងកសាងសំណុំរឿងបញ្ជូន ទៅតុលាការ នៅល្ងាចថ្ងៃទី២៨ សីហានេះ៕ដោយ.ឃិន គន្ធា