ឃាត់ខ្លួនមនុស្ស២នាក់ ដែលកំពុងធ្វើចរាចរណ៍ប្រាក់ដុល្លារក្លែងក្លាយ និងជាមុខសញ្ញាកាច់សោរ

ខេត្តបាត់ដំបង: មុខសញ្ញាប្រុស ស្រី ចំនួន២នាក់ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែធ្វើការឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យទាំង២នាក់ បានធ្វើសកម្មភាព យកប្រាក់ដុល្លារក្លែងក្លាយ ទៅធ្វើចរាចរណ៍នៅលើទីផ្សារ។

ការឃាត់ខ្លួននេះ បានធ្វើឡើង នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ វេលាម៉ោង៨ និង ៣០នាទី ព្រឹក នៅចំណុច ភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ ខេត្ដបាត់ដំបង ក្នុងករណីដាក់អោយធ្វើចរាចរណ៍រូបិយវត្ថុ និង រូបិយប័ណ្ណក្លែងក្លាយ និង ករណីប៉ុនប៉ងលួច(ម៉ូតូ)។

ជនសង្ស័យទាំង ២នាក់ គឺ ១.ឈ្មោះ ម៉ាន សំណាង ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

២.ឈ្មោះ ថិត សា ភេទស្រី អាយុ១៦ឆ្នាំ មានទីលំនៅ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

នៅមុនពេលឃាត់ខ្លួនគឺជនទាំងពីរបានធ្វើសកម្មភាពយកក្រដាសប្រាក់ដុល្លារក្លែងក្លាយទៅទិញអីវ៉ាន់នៅតូបលក់អីវ៉ាន់របស់ជនរងគ្រោះ ឈ្មោះ ឆាយ សុភាព ហៅ ទុង ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅក្រុម៣ ភូមិជំនីក ឃុំអន្លង់វិល ស្រុកសង្កែ។

ក្រោយពីទទួលបានពាក្យបណ្តឹងផ្ទាល់មាត់ កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់វិលបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២ នាក់ ព្រមទាំងបាន ដកហូតវត្ថុតាងរួមមាន ក្រដាសប្រាក់ដុល្លារក្លែងក្លាយ(50$) ចំនួន ០៦ សន្លឹក ប្រាក់រៀល ចំនួន ២៧,០០០ រៀល ទូរសព្ទ័ស៊េរីចាស់ ចំនួន ០១ គ្រឿង

កាបូបប្រាក់ ចំនួន ០១ ស្រោមដៃ ចំនួនន ០១ គូដែកកែងចុងស្រួច រាងអក្សរអិល សម្រាប់កាច់សោរកម៉ូតូ ចំនួន ០១ កាវស្និត ចំនួន ០១ កំប៉ុង និង ម៉ូតូ ចំនួន ០១ គ្រឿង ម៉ាកហុងដាទ្រីម ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ ១JC-៥៧៤០ ។

ករណីនេះ កម្លាំងអធិការដ្ឋាននគរបាលស្រុកសង្កែ កំពុង កសាងសំណុំរឿងដើម្បីបញ្ជូនទៅកាន់ការិយាល័យជំនាញ និងចាត់ការតាមនីតិវិធី ៕អត្ថបទ : ព្រាប.ស