កំពង់ឆ្នាំង៖កុមារាម្នាក់អាយុ១៤ឆ្នាំត្រូវបានបុរសម្ចាស់ចំការមួយកន្លែងមានគ្នា២នាក់ រស់នៅក្នុងភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ធ្វើទារុណកម្មយ៉ាងព្រៃផ្សៃ ចាប់ចងស្លាបសេកជ្រមុជក្បាលក្នុងពាងទឹកស្អុយ ដែលគេគ្រាន់តែលួចផ្លែដូងព្រោះសេចក្តីស្រេចឃ្លាន។មិនតែប៉ុណ្ណោះបុរសដៃដល់អមនុស្សធម៌បានយករូបភាពសាហាវយង់ឃ្នងនេះមកបង្ហោះនៅក្នុងវេស្បុកខ្លួនឯងទៀតផង។ ករណីនេះបានធ្វើអោយអ្នកលេងហ្វេសប៊ុកក្នុងខេត្តកំពង់ឆ្នាំង និងនៅក្នុងប្រទេសមានក្តីអាណិតអាសូរកុមាររងគ្រោះយ៉ាងខ្លាំង និងសំណូមពរដល់សមត្តកិច្ចនៅក្នុងមូលដ្ឋានខាងលើ និងអង្គការការពារកុមារ វែកមុខចាប់ខ្លួនជនដៃដល់ទាំង២នាក់ យកមកផ្តន្ទាទោសតាមច្បាប់ផង ទុកជាគំរូកុំអោយគេយកតម្រាប់តាម។
អំពើដ៏ព្រៃផ្សៃ យង់ឃ្នងបានផ្ទុះឡើងនៅក្នុងហ្វេសប៊ុករបស់ជនដៃដល់តែម្តង នៅ ក្នុងព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤ ហើយប្រតិកម្មរបស់សង្គមហ្វេសប៊ុកបានផុសឡើង តៗគ្នា ពេញប្រទេសកម្ពុជា សំណូមពរអោយសមត្ថកិច្ចនៅក្នុងមូលដ្ឋានខាងស្រាវជ្រាវលើចាប់ខ្លួនជនដៃដល់ទាំង២នាក់នេះ។
ប្រភពព័ត៌មាននៅក្នុងសង្គមហ្វេសប៊ុក នៅម៉ោង១០និង៤៥នាទីព្រឹកថ្ងៃទី២៩ ខែសីហា បានបញ្ជាក់អោយដឹងថា៖ជនដៃដល់ទាំង២នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនហើយ ពួកគេរស់នៅក្នុងភូមិឃុំខាងលើ ចំណែកកុមាររងគ្រោះ ឈ្មោះម៉ុន វាសនា ហៅទិត្យ អា យុ១៤ឆ្នាំ ត្រូវបានជនដៃដល់ចាបធ្វើទារុណកម្ម កាលពីម៉ោង៣រសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ ករណីនេះទុកសិទ្ធអោយសមត្ថកិច្ចធ្វើការងារតាមតួនាទីគាត់ចុះ។
ការធ្វើទារុណកម្មខាងលើនេះត្រូវបានគេយល់ថា ជាការរំលោភនិងបំពានយ៉ាងខ្លាំង លើសិទ្ធកុមារ ពីសំណាក់ជនដែលមានកម្លាំងបាយលើកុមាររងគ្រោះ ដែលករណីនេះ សំ ណូមពរ សមត្ថកិច្ចនិងតុលាការ មេត្តាផ្តន្ទាទោសជនដៃដល់អោយមានម៉ឺងម៉ាត់តាមផ្លូវ ច្បាប់កុំលើកលែងឡើយ៕