ខេត្តសៀមរាបៈ ស្រះចិញ្ចឹមកូនត្រីឆ្ដោ ប្រមាណជាង១០កន្លែងកំពុងដំនើរការយ៉ាងរលូន នៅក្រុងសៀមរាប ដែលកន្លងទៅអាជ្ញាធរធ្លាប់បានហាមប្រាមមិនឲ្យចិញ្ចឹមត្រីប្រភេទនេះទេ ប៉ុន្តែដោយឃើញពលរដ្ឋដាក់ត្រីចិញ្ចឹមរួចរាល់ហើយ អាជ្ញាធរបានអនុញ្ញាតិឲ្យចិញ្ចឹមរហូតដល់ត្រីធំរួចចាប់យកទៅលក់ ហើយអ្នកចិញ្ចឹមត្រីខុសច្បាប់ត្រូវបញ្ឍប់ការចិញ្ចឹមត្រីឆ្តោនោះតទៅទៀត ប្រការទាំងអស់នេះ គេមានការសង្ស័យថាត្រូវរ៉ូវគ្នាពីថ្នាក់ក្រោមរហូតដល់ថ្នាក់លើនៃជំនាញពាក់ព័ន្ធព្រមទាំងអជ្ញាធរដែនដី ទើបការចិញ្ចឹមត្រីឆ្ដោនៅមាន សកម្មភាពយ៉ាងគឃ្លើន ដោយគ្មានខ្លាចញញើតពីផ្លូវច្បាប់សោះឡើយ ។
យោងតាមសេចក្ដីរាយការណ៍ពីតំបន់មាត់ទឹកបឹងទន្លេសាបបានឲ្យដឹងថា ក្រុមអ្នកចិញ្ចឹមត្រីឆ្ដោ ត្រីរ៉ស់បានសំរុកប្រមូល ទិញត្រីពីការនេសាទ រាប់សិប តោនក្នុង១ថ្ងៃៗ សំរាប់ផ្គត់ផ្គង់ដល់កូនត្រីឆ្ដោរបស់គេឲ្យឆាប់ធំធាត់ ដើម្បីប្រមូលផល បើទោះជាមានការបង់ លុយកាក់យ៉ាង សន្ធឹកសន្ធាប់អស់ មួយចំនួន ជូនថ្នាក់លើយ៉ាងណាក៏ដោយ ក៏ការចិញ្ចឹមត្រីនេះមិនបង់ខាតនោះទេ ព្រោះករណីចិញ្ចឹមត្រីមិនត្រូវបាន សមត្ថកិច្ចណាម្នាក់ចុះ បង្ក្រាបឬចាប់ឡើយ ដោយគ្រាន់តែឲ្យជាកាដូធំមួយពួកគេក៏ត្រឡប់ទៅវិញបាត់អស់។ សេចក្ដីរាយការណ៍ដដែលបានបន្ដឲ្យដឹងទៀតថា គេតែងតែនិយមចិញ្ចឹមត្រីឆ្ដោដែលទទួលបានផលច្រើន គឺនៅសង្កាត់ចុងឃ្នៀស គេចិញ្ចឹមដាក់បែរ ឬដាក់ក្រោមផ្ទះ បណ្ដែតទឹក ។
ចំនែកនៅសង្កាត់សៀមរាប និងសង្កាត់ស្វាយដង្គំ គេចិញ្ចឹមតាមរបៀបជីកស្រះធំៗដាក់កូនត្រីរាប់សិបម៉ឺនក្បាល ។ ដោយឡែកប្រភពពីប្រជាពលរដ្ឋធ្លាប់ចិញ្ចឹមត្រីនោះបាននិយាយថា សំរាប់ពួកគាត់ក្រីក្រមិនអាចមានលទ្ធភាពចិញ្ចឹមត្រីឆ្ដោបានទេ ព្រោះអី ណាមួយរកលុយសំរាប់ទិញចំនីត្រី ហើយរកលុយបង់ឲ្យសមត្ថកិច្ច ទើបអាចបន្ដរករបរនេះបាន បើមិនដូច្នេះទេប្រាកដជាត្រូវ គេចាប់ចងអស់ជាមិនខាន ។ ប្រភពដដែលបានបន្ដឲ្យដឹងទៀតថា ក្រុមអ្នកចិញ្ចឹមត្រីឆ្ដោខ្នាតធំៗនៅសៀមរាបភាគច្រើនជាជនជាតិវៀតណាម ដែលមកប្រកបរបរនេះជាយូរយាណាស់មកហើយ។ ពាក់ព័ន្ធទៅនឹងករណីខាងលើនេះដែរ នាយខ័ណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប លោក ព្រិន្ទ សាវិន មិនអាចទាក់ទងសុំការពន្យល់ពីលោកបានទេនៅរសៀលថ្ងៃទី២៩ខែសីហានេះដោយសារទូរស័ព្ទរបស់នៅក្រៅតំបន់សេវា ។
ប៉ុន្ដែកន្លងទៅលោកធ្លាប់បានប្រាប់ថាករណីនេះលោកនឹងឲ្យថ្នាក់ក្រោមចុះពិនិត្យមើលដែរ តែកាចុះទៅមើលនេះដែរអស់រយៈពេលជា ច្រើនខែមកហើយ នៅតែកើតមានដដែល ហើយអាចកើតមានច្រើនជាងមុនទៅទៀត ។ គួរបញ្ជាក់ផងដែរថា កន្លងទៅប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាកំពុងតែយកចិត្តទុកដាក់ពីបទ ល្មើសនេសាទយ៉ាងខ្លាំងដោយជំរុញ ឲ្យស្ថាប័នពាក់ព័ន្ធនានានៅ តាមបណ្ដាខេត្តដែលមាន លោកអភិបាលខេត្តជាប្រធាន ត្រូវរិះរកគ្រប់មធ្យោបាយ ដើម្បីទប់ស្កាត់បទល្មើស នេសាទនិង បង្ក្រាប រាល់ការប្រើប្រាស់ឧបករណ៍នេសាទល្មើសច្បាប់ឲ្យខានតែបាន ធ្វើយ៉ាងណាឲ្យ ផល ត្រី ក្នុងបឹងទន្លេសាបគង់វង្ស បានច្រើនអាចទប់ទល់ ទៅនឹងតំរូវការហូប ចុករបស់ ប្រជាពល រដ្ឋបានថែមទៀត ។
ផ្ទុយទៅវិញបើសង្កេតមើលនៅឯខេត្តសៀមរាបវិញបទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល កម្ពុជាមិនត្រូវបានមន្ដ្រីពាក់ព័ន្ធមួយចំនួន យកមកអនុវត្តនោះទេ ជាក់ស្ដែងស្រះចិញ្ចឹមត្រីដុះ ស្លែនៅសង្កាត់សៀមរាបត្រូវបានក្រុមឈ្មួញនាំគ្នាចិញ្ចឹមត្រីឆ្ដោយ៉ាងរំភើយជារៀង រាល់ឆ្នាំ ៕