ឧត្ដរមានជ័យ៖កាលថ្ងៃព្រហស្បតិ៍ ៤រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹង ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១។ បនល្បែងស៊ីសង សង្វៀនជល់មាន់ លេងភ្នាល់ដាក់លុយរាប់លានរៀល ខ្លះរាប់ពាន់ដុល្លារ ក្នុងមួយគូៗ ស្ថិតនៅចំណុច ខាងក្រោយផ្ទះប្រជាពលរដ្ឋ ភូមិ អភិវឌ្ឍន៍ ឃុំ អន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ចូលតាមផ្លូវលំទល់មុខ(ផ្ទះសំណាក់ត្រពាំងប្រិយ៍) ចម្ងាយប្រហែលជាងបីរយម៉ែត្រ អាជ្ញាធរមានសមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកនិងខេត្ត មិនដែលចុះបង្រ្កាបសោះ បើទោះបីជាដឹងថា កន្លែងទីតាំងបនល្បែងនេះធ្វើការបើកលេងយ៉ាងគគ្រឹកគគ្រេងជារៀងរាល់ថ្ងៃ រាប់ខែកន្លងមកហើយក៏ដោយ ធ្វើឲ្យពលរដ្ឋក្នុងស្រុកអន្លង់វែង ដាក់ការសង្ស័យថា ទីតាំងបនល្បែងមួយនេះជាឆ្នាំងបាយរបស់មន្ត្រីមានសមត្ថកិច្ចក្នុងមូលដ្ឋានហើយមើលទៅ ទើបមិនបង្ក្រាប។
ជាក់ស្តែង៖កាលថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២១ នេះ សារព័ត៌មានយើងបានចុះទៅដល់ចំណុចទីតាំង សង្វៀនជល់មាន់នោះផ្ទាល់ បានថតផ្ដិតយកសកម្មភាពជាក់ស្តែង ដោយឃើញមានក្រុមអ្នកញៀនល្បែងជាច្រើនរាប់សិបនាក់មកពីគ្រប់ទិសទី ចូលទៅលេងយ៉ាងគគ្រឹកគគ្រេងស្រែកហ៊ោកញ្ជ្រៀវផ្អើលពេញស្រុក ផ្ទុយទៅវិញអាជ្ញាធរមានសមត្ថកិច្ច មិនមានវិធានការទប់ស្កាត់ និងបង្ក្រាបឡើយ។ទង្វើរបស់មន្ត្រីមានសមត្ថកិច្ចក្នុង ស្រុកអន្លង់វែង បែបនេះ គឺកំពុងផ្គើននិងបទបញ្ជាប្រមុខរាជរដ្ឋាភិបាល ដែលបានប្រគល់អំណាចដល់រដ្ឋបាលខេត្ត ជាពិសេសគឺផ្គើននិងគោលនយោបាយ ភូមិឃុំមានសុវត្ថិភាពទាំង៧ចំនុច របស់រាជរដ្ឋាភិបាលយ៉ាងច្បាស់ក្រឡែតតែម្តង។ប្រជាពលរដ្ឋក៏ដូចជាមហាជនជាច្រើនក្នុងស្រុកអន្លង់វែង សូមអំពាវនាវទៅដល់ ឯកឧត្តម ប៉ែន កុសល្យ អភិបាលនៃគណៈអភិបាល ខេត្តឧត្តរមានជ័យ និងលោក ហួត សុធី ស្នងការនរគបាលខេត្តមេត្តាចុះបង្ក្រាបផងទាន៕