​បណ្តា​ប្រទេស​រងគ្រោះ​ដោយ​វីរុស​អេ​បូ​ឡា​កាន់តែ​នៅឯ​កោ​ពី​ពិភពលោក​

0

​ប្រទេស​៣ នៅ​អាហ្វ្រិក​ខាងលិច​រង​ការប៉ះពាល់​ខ្លាំង​ដោយ​វីរុស​អេ​បូ​ឡា កាលពី​ថ្ងៃទី​២៧ សីហា កាន់តែ​ស្ថិតនៅ​ឯកោ​ពី​ពិភពលោក ព្រោះតែ​ការឆ្លង​រាលដាល​នៃ​វីរុស​នោះ ខណៈ​បណ្តា​ក្រុមហ៊ុន​អាកាសចរណ៍​ចុងក្រោយ​ទាំងឡាយ​ប្រកាស​ផ្អាក​ការហោះហើរ ទៅកាន់​ប្រទេស​ទាំងនេះ ។​ ​ខណៈដែល​វីរុស​អេ​បូ​ឡា​សម្លាប់​មនុស្ស​ជាង​១.៤០០ នាក់​ក្នុងចំណោម​អ្នក​ឆ្លង​២.៦១៥​នាក់​ក្នុង​តំបន់​នោះ ប្រទេស​លី​បេ​រី​យ៉ា​ដែល​រង​ការប៉ះពាល់​ខ្លាំងជាងគេ នាយក​មជ្ឈមណ្ឌល​សហ​ព័ន្ធ​អាមេរិក​ត្រួតពិនិត្យ និង​បង្ការ​ជំងឺ CDC លោក TOM FRIEDEN បាន​ព្រមាន​ថា តុល្យការ​ប្រហែល​ជាមាន​ខ្ពស់​ជាងនេះទៀត ។

នៅ​ទីក្រុង​ម៉ុ​ន​រ៉ូ​វី​យ៉ា លោក​ថ្លែងថា ពិភពលោក​ពុំ​ធ្លាប់​ដែល​ជួប​ការឆ្លង​រាលដាល​យ៉ាង​សាហាវ​នៃ​វីរុស​អេ​បូ​ឡា ដូចនេះ​ឡើយ ។ ទោះជា​តុល្យការ​ពេលនេះ​មាន​ខ្ពស់ ប៉ុន្តែ​យើង​ដឹងថា នៅមាន​អ្នក​ឆ្លង​វីរុស​នោះ​ច្រើនជាង​ចំនួន​ដែល​យើង​ធ្វើតេស្ត​ឃើញ ។​ ​លោក​វេជ្ជបណ្ឌិត FRIEDEN ដែល​ទៅ​បំពេញបេសកកម្ម​ក្នុងប្រទេស​នេះ​ចាប់តាំងពី​ច្រើន​ថ្ងៃ​មកហើយ​បន្ត ថា ចំនួន​អ្នក​ឆ្លង​មានការ​កើនឡើង ។​

​វីរុស​អេ​បូ​ឡា​ត្រូវបាន​ប្រកាស​ពី ការឆ្លង​រាលដាល​កាលពីដើម​ឆ្នាំនេះ​នៅ​ប្រទេស​ហ្គី​ណេ មុនពេល​ឆ្លង​រាលដាល​ដល់​ប្រទេស​លី​បេ​រី​យ៉ា និង​សេ​រ៉ា​ឡេ​អូន បន្ទាប់​មកដល់​នី​ហ្សេ​រី​យ៉ា ។​ ​ជំងឺ​អេ​បូ​ឡា​ត្រូវបាន​កំណត់​ឃើញ​កាលពី​ឆ្នាំ​១៩៧៦ នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ ដែល​វា​លេច​ជាថ្មី​នៅ​ទីនោះ​នា​ខែសីហា​នេះ​ជា​លើក​ទី​៧ ។​ ​យោងតាម តុល្យការ​ចុងក្រោយ​របស់​អង្គការ​សុខភាព​ពិភពលោក WHO ថា វីរុស​អេ​បូ​ឡា​មកទល់ពេលនេះ​សម្លាប់​មនុស្ស​១.៤២៧​នាក់ ក្នុងនោះ​៦២៤​នាក់​នៅ​លី​បេ​រី​យ៉ា ៤០៦​នាក់​នៅ​ហ្គី​ណេ ៣៩២​នាក់​នៅ​សេ​រ៉ា​ឡេ​អូន និង​៥​នាក់​នៅ​នី​ហ្សេ​រី​យ៉ា ។​

​ប្រឈមមុខ​នឹង​ការឆ្លង​រាលដាល​កាន់តែខ្លាំង​នៃ​ជំងឺ នោះ ហើយ​ដោយសារ​ការបារ​ម្ភ​កាន់តែខ្លាំង​លើ​ពិភពលោក ក្រុមហ៊ុន AIR FRANCE ប្រកាស​ផ្អាក​បណ្តោះអាសន្ន​ចាប់ពី​ថ្ងៃទី​២៨ សីហា​ទៅ នូវ​ការហោះហើរ​ទៅកាន់​ទីក្រុង​ហ្វ្រី​ថោ​ន ប៉ុន្តែ​បន្ត​ការហោះហើរ​ទៅ​ហ្គី​ណេ និង​នី​ហ្សេ​រី​យ៉ា យោងតាម​អនុសាសន៍​របស់​រដ្ឋាភិបាល​បារាំង ។​ ​មកទល់ពេលនេះ នៅសល់​ក្រុមហ៊ុន​អាកាសចរណ៍​តែ​២​ប៉ុណ្ណោះ​បន្ត​ការហោះហើរ​ទៅ​សេ​រ៉ា​ឡេ អូន និង​លី​បេ​រី​យ៉ា គឺ​ក្រុមហ៊ុន ROYAL AIR MAROC និង​ក្រុមហ៊ុន BRUSSELS AIRLINES ៕