​លោក Neil Warnock ក្លាយជា​គ្រូបង្វឹក​ក្លិប Crystal Palace ជា​លើក​ទី​២

0

​លោក Neil Warnock បាន​វិល​ត្រឡប់មក​ដឹកនាំ​ក្លិប​ឥន្ទ្រី​ខៀវ Crystal Palace សាជាថ្មី បន្ទាប់ពី​ក្លិប​នេះ​បានតែងតាំង​រូបលោក​ឲ្យ​ធ្វើជា​គ្រូបង្វឹក​ថ្មី​ជាមួយនឹង​កិច្ចសន្យា​រយៈពេល​២​ឆ្នាំ ។​ ​លោក Warnock ដែល​ធ្លាប់​ដឹកនាំ​នៅ​ទឹកដី Selhurst Park កាលពី​ចន្លោះ​ឆ្នាំ ២០០៧ ដល់​២០១០ នឹងត្រូវ​ទទួល​ភារកិច្ច​ជំនួស​លោក Tony Pulis ដែល​បាន​លាឈប់​ពី​តំណែង​កាលពី ២​ថ្ងៃមុន​ពេល​បើក​រដូវ​កាល​ថ្មី ។​

​ជាមួយគ្នា​នោះ អតីត​អ្នកចាត់ការ​ក្លិប​នាគ​ភ្លើង Cardiff City លោក Malky Mackay ក៏​ធ្លាប់​ត្រូវបាន​ទាក់ទង​ឲ្យ​មក​ដឹកនាំ​ក្រុម Crystal Palace ផងដែរ​ប៉ុន្តែ​លោក​បាន​ច្រានចោល​ឱកាស​នេះ កាលពី​សប្តាហ៍​មុន​បន្ទាប់ពី​មាន​បញ្ហា​ផ្ទាល់ខ្លួន ។​ ​

គួរ​បញ្ជាក់ថា បច្ចុប្បន្ន​ក្លិប Crystal Palace មិនទាន់មាន​១​ពិន្ទុ​ឡើយ​នៅក្នុង​ដៃ​ក្នុង​ក្របខណ្ឌ Premier League នៅ​រដូវ​កាល​ថ្មី​នេះ​ដោយ​ពីរ​ប្រកួត​កន្លងមក​ពួកគេ​បាន​ប្រកួត​ចាញ់ Arsenal និង West Ham United ៕