ស្វាយរៀង ៖ លោកជំទាវម៉ែន សំអន សមាជិកាគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល ប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាលចុះជួយខេត្តស្វាយរៀងបានផ្ដល់ផែនការយុទ្ធសាស្ត្រចំនួន៥ចំណុចសំខាន់ៗក្នុងន័យជំរុញមន្ត្រី ក្រុមការងារត្រូវតែបន្តពង្រឹងចុះមូលដ្ឋានដើម្បីដឹងពីសុខទុក្ខផ្ទាល់ និងផ្ដល់នូវអត្ថប្រយោជន៍ពិតៗជូនប្រជាពលរដ្ឋគ្រប់ថ្នាក់មូលដ្ឋានទាំងអស់ក្នុងទឹកដីខេត្តស្វាយរៀងពិសេសដោះស្រាយឲ្យទាន់ពេលវេលាពី តម្រូវការរបស់ពួកគាត់ក្នុង
រដូវវស្សាឆ្នាំនេះលើការងារបង្កបង្កើតផល។ ការផ្ដល់នូវផែនការយុទ្ធសាស្ត្របង្កប់ដោយខ្លឹមសារបែបនេះខណៈពេលលោកជំទាវអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបការអនុវត្តភារកិច្ចរបស់ក្រុមការងារគណៈកម្មាធិការកណ្ដាលចុះជួយខេត្តស្វាយរៀង និងដាក់ទិសដៅភារកិច្ចសំខាន់ៗសម្រាប់អនុវត្តន៍ដំណាក់កាលទី៦លើកទី៥កាលពីព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៤នៅសាលប្រជុំបក្សខេត្តស្វាយរៀងដែលមានសមាជិកសមាជិការនិងមន្ត្រីក្រុមការងារសរុបជាង១០០០នាក់។ 
ជាមួយនឹងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនេះលោកជំទាវ ម៉ែន សំអន ក៏បានផ្ដល់នូវការលើកទឹកចិត្តដល់មន្ត្រីក្រុមការងារថ្នាក់មូលដ្ឋាន ការងារថ្នាក់កណ្ដាល ក៏ដូចប្រធានក្រុមការងារចុះជួយតាមស្រុកទាំងអស់ទូទាំងខេត្តស្វាយរៀងដែលបានយកចិត្តទុកដាក់អនុវត្តន៍តាមស្មារតីទទួលខុសត្រូវទាំងកម្លាំងកាយចិត្ត និងធនធានទ្រព្យសម្បត្តិជួយគាំទ្រយ៉ាងសកម្មគ្រប់សកម្មភាពតាមបណ្ដាមូលដ្ឋាននានាទូទាំងខេត្តនិងរួមចំណែកឲ្យខេត្តនៅតែទទួលជ័យជំនះគ្រប់ភារកិច្ចជាបន្តបន្ទាប់។
លោកជំទាវ ម៉ែន សំអន ក៏បានផ្ដល់នូវផែនការយុទ្ធសាស្ត្រចំនួន៥ចំណុចក្នុងន័យជំរុញដល់ក្រុមការងារថ្នាក់មូលដ្ឋានឲ្យបន្តយកចិត្តទុកដាក់ និងភាពទទួលខុសត្រូវខ្ពស់ជាមួយប្រជាពលរដ្ឋដែលមានខ្លឹមសារសំខាន់ៗដូចជា៖ ទី១. ក្រុមការងារគ្រប់លំដាប់ថ្នាក់របស់គណបក្សប្រជាជនត្រូវបន្តសកម្មភាព និងផ្ដោតសំខាន់ក្នុងការចុះជួបប្រាស្រ័យដោយផ្ទាល់ជាមួយពលរដ្ឋដល់មូលដ្ឋានក្ដាប់ឲ្យបានច្បាស់លាស់រាល់សំណូមពរ បញ្ហាប្រឈម ការលំបាករបស់សមាជិកគណបក្ស ក៏ដូច
ប្រជាពលរដ្ឋទូទៅ ត្រូវរិះរកគ្រប់មធ្យោបាយជួយដោះស្រាយជូនពលរដ្ឋឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព។ ទី២. បន្តអនុវត្តន៍តាមការកែទម្រង់នានារបស់រាជរដ្ឋាភិបាល ពិសេសកំណែទម្រង់វិមជ្ឈការ និងសហវិមជ្ឈការ។ ទី៣. បង្កើនការគ្រប់គ្រងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ឲ្យបានកាន់តែល្អដោយប្រឹងប្រែងពង្រឹងនូវសាមគ្គីភាព ឯកភាពគ្នាក្នុងធ្លុងតែមួយតាមទិសដៅរបស់ថ្នាក់ដឹកនាំគណបក្សដែលមានសម្ដេចទាំង៣ជាប្រមុខដឹកនាំដ៏ឈ្លាសវៃ។
៤. បន្តប្រឹងប្រែងព្យាយាមដោះស្រាយរាល់សំណូមពរ និងបញ្ហាប្រឈមនានានៅថ្នាក់មូលដ្ឋាន និងត្រូវពង្រឹងរាល់សកម្មភាពការងាររបស់សមាជិកបក្សដើម្បីឲ្យមានការទទួលខុសត្រូវខ្ពស់ និងមានម្ចាស់ការក្នុងសកម្មភាពរបស់ខ្លួននៅថ្នាក់គ្រប់ថ្នាក់មូលដ្ឋានទាំងអស់។ ទី៥. គ្រប់ថ្នាក់ គ្រប់ផ្នែកត្រូវបន្តពង្រឹងការអនុវត្តច្បាប់ផ្ទៃក្នុង និងត្រូវមានការជឿជាក់ចំពោះទិសដៅយុទ្ធសាស្ត្រដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលដែលប្រសូតចេញពីការបោះឆ្នោតស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់
ជាធរមានដែលមានសម្ដេចតេជោ ហ៊ុន សែនជានាយករដ្ឋមន្ត្រីជាប្រមុខដឹកនាំប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងកិច្ចការងារបម្រើផលប្រយោជន៍ជូនប្រទេសជាតិ និងប្រជាជន រក្សាបាននូវសន្តិភាពស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈប្រកបដោយអភិវឌ្ឍន៍ និងការពង្រឹងសុវត្ថិភាពភូមិឃុំ ការជួយប្រជាពលរដ្ឋ ការសម្រួលដំណើរការសេដ្ឋកិច្ច ការទប់ស្កាត់បាតុភាពអសកម្មផ្សេងៗ ពិសេសត្រូវតែថែទាំសុខភាពប្រជាពលរដ្ឋជាចំណុចសំខាន់បំផុត៕



































