ខេត្តបាត់ដំបង: ពលករចំនួន៥០នាក់ រួមនិងមេខ្យល់៣នាក់ ត្រូវបានកម្លាំងចម្រុះឃាត់ខ្លួន នៅតាមខ្សែបន្ទាត់ព្រំដែន ខណ:ដែលពួកគេត្រៀមបម្រុងឆ្លងដែន ចូលទឹកដីថៃដោយគ្មាន ច្បាប់អនុញ្ញាត។
ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និង ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៨១៧ កម្លាំងប៉ុស្តិ៍ព្រំដែនគីឡូ៩សហការជាមួយកម្លាំងយោធាផ្នែកសឹករងសំពៅលូន កម្លាំងយោធាវរសេនាតូច៥៣៣ នៅវេលម៉ោង ៤និង៣០នាទីទៀបភ្លឺ នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១បានធ្វើសកម្មភាពទប់ស្កាត់ប្រជាពលរដ្ឋបំរុងលួចឆ្លងដែនចូលទឹកដីថៃ ត្រង់ចំណុច ភូមិសាស្ត្រភូមិ ស្ពានយោល ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
នៅក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងបានឃាត់មនុស្ស ចំនួន៥០នាក់ ស្រី១៤នាក់ ក្មេង១៤នាក់ ក្នុងនោះសមត្ថកិច្ចឃាត់ជនសង្ស័យជាអ្នកនាំផ្លូវចំនួន០២នាក់ និងអ្នកបើកបររថយន្ត០១នាក់ ដែលពួកគេមានឈ្មោះ ១-ឈ្មោះ កូ សុថាត ភេទស្រី អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន (ជាអ្នកនាំផ្លូវ) ២-ឈ្មោះ អឹម សុខមុល ភេទប្រុស អាយុ ៣៣ ឆ្នាំ មានទីលំនៅភូមិភ្នៅ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់(ជាអ្នកបើកបររថយន្ត) ៣-ឈ្មោះ លៀង ចិន្ដា ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន (ជាអ្នកនាំផ្លូវ បានរត់គេចខ្លួនបាត់)។
សមត្ថកិច្ចធ្វើការដកហូតវត្ដុតាងរួមមាន ម៉ូតូ១គ្រឿង ម៉ាកHONDA ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1H-3978 និង រថយន្ដ១គ្រឿង ម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-0636 ។
ក្រោយពីឃាត់ខ្លួន និងបានធ្វើការសាកសួរ កត់ឈ្មោះ ចុះកំណត់ហេតុ និងអប់រំណែនាំ រួចបានប្រគល់ប្រជាពលរដ្ឋទាំង៥០នាក់ ព្រមទាំងវត្ដុតាងទាំងអស់អោយទៅកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន ចាត់ការបន្តតាមនីតិវិធី ៕ អត្ថបទ : ព្រាប.ស





































