ម្ចាស់គោអត់ហ៊ានចេញមុខ ក្រោយពេលគោដើរឆ្លងផ្លូវត្រូវរថយន្តបុកបណ្ដាលអោយឡានខួចខាតយ៉ាងដំណំ

ខេត្តបាត់ដំបង: រថយន្តមួយគ្រឿង បានរងការខូចខាតយ៉ាងដំណំនៅផ្នែកខាងមុខ ខណ:ដែលម្ចាស់កំពុងបើកតាមដងផ្លូវ ក៏បានពើបប្រទះជាមួយសត្វគោដែលដើរឆ្លងផ្លូវយ៉ាងអនាធិបតេយ្យ ទើបបណ្តាលអោយបុកតែម្តង ជាសំណាងល្អដែលមិនមានគ្រោះថ្នាក់ដល់ម្ចាស់រថយន្ត។

ករណីគ្រោះថ្នាក់ចរាចរណ៍មួយនេះ បានកើតឡើងកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ នៅចំណុចក្តុលតាហែន ក្នុងស្រុកបវេល ខេត្តបាត់ដំបង រវាងរថយន្តនិងសត្វគោមួយក្បាលដែរដើរឆ្លងផ្លូវជាតិ គ្មានការគ្រប់គ្រងពីម្ចាស់ ទើបបង្កអោយមានរឿងកើតឡើងបែបនេះ។

យោងតាមការបង្ហោះនៅលើទំព័រហ្វេសប៊ុក របស់ម្ចាស់រថយន្តបានបញ្ជាក់ថា គាត់បានទាក់ទងទៅសមត្ថកិច្ចដែរដើម្បីអោយជួយអន្តរាគមន៍ក្នុងការស្រាវជ្រាវរកម្ចាស់គោអោយចេញមុខមកទទួលខុសត្រូវលើបញ្ហានេះ ប៉ុន្តែសមត្ថកិច្ចបានតបថា លើកគោដាក់លើឡានយកទៅដើម្បីចប់រឿង ប៉ុន្តែម្ចាស់រថយន្តនៅតែមិនសុខចិត្ត ដោយសារតែខឹងនិងម្ចាស់គោហេតុអីបានជាលែងគោអោយដើរពាសវាលពាសកាលបែបនេះ?

លោកអធិការនគរបាលស្រុកបវេល សុខ សារិន បានបញ្ជាក់ថា នៅព្រលប់ម្សិលមិញនេះ កម្លាំងជំនាញរបស់លោកក៏បានចុះដល់កន្លែងកើតហេតុដែរ ដើម្បីរកដំណោះស្រាយជូនម្ចាស់រថយន្ត នៅទីបំផុតលោកមេភូមិនៅទីនោះបានចេញមុខជំនួសម្ចាស់គោដោយព្រមប្រគល់គោមួយក្បាលនោះទៅម្ចាស់រថយន្ត ព្រមទាំងបានបន្ថែមប្រាក់ចំនួន ៥០ មុឺន ទើបរឿងនេះបានបញ្ចប់។

លោកក៏បានផ្តាំផ្ញើទៅអ្នកដែលចិញ្ចឹមគោ ត្រូវមានស្មារតីទទួលខុសត្រូវ ដោយចងអោយបានត្រឹមត្រូវ តែបើលែងអោយសុីស្មៅក៏ត្រូវមានអ្នកតាមឃ្វាលដែរមិនត្រូវលែងអោយដើរពាសវាលពាសកាលយ៉ាងដូច្នេះនោះទេ សំណាងណាស់ដែលគ្មានមនុស្សគ្រោះថ្នាក់នៅក្នុងរថយន្ត ៕ អត្ថបទ : ព្រាប.ស