បង្រាបទីតាំងជួញដូរផ្លូវភេទមួយកន្លែង ថែមទាំងរដោះជនរងគ្រោះ១០នាក់និងឃាត់ខ្លួនជនសង្ស័យម្នាក់

(កំពង់ធំ)៖ កម្លាំងនគរបាលខេត្តកំពង់ធំ បានឆ្មក់បង្ក្រាបករណីជួញដូរផ្លូវភេទមួយកន្លែង ឃាត់ខ្លួនបុរសជាជនសង្ស័យម្នាក់ និងរំដោះនារីរងគ្រោះចំនួន១០នាក់ ក្នុងនោះមានអនីតិជនចំនួន៧នាក់។ នេះបើតាមលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ នៅថ្ងៃទី២9 ខែធ្នូ ឆ្នាំ២០២១នេះ។

លោកស្នងការបានឱ្យដឹងថា ប្រតិបត្តិការនេះបានធ្វើឡើងដោយមានការសម្របសម្រួលនីតិវិធីពីលោក ស៉ិន វិរៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងក្រោមការដឹកនាំបញ្ជាផ្ទាល់របស់លោកស្នងការផ្ទាល់។

សម្រាប់ប្រតិបត្តិការនេះ ក៏មានការចូលរួមពីសំណាក់លោកស្រីឧត្តមសេនីយ៍ត្រី កង កូយ ស្នងការរងផែនការងារប្រឆាំងការជួញដូរមនុស្ស បានដឹកនាំកម្លាំងជំនាញ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកតាំងគោក ចុះបង្ក្រាបករណីជួញដូរផ្លូវភេទមួយកន្លែង ស្ថិតក្នុងភូមិសូយោង ឃុំសូយោង ស្រុកតាំងគោក ខេត្តកំពង់ធំ នាវេលាម៉ោង១៩៖២០នាទី នាថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។

លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានបន្ថែមថា សមត្ថកិច្ចបានឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ អ៊ូ សុខហៀង ហៅ ប៉ក់ ភេទប្រុស អាយុ៤១ឆ្នាំ រស់នៅទីកន្លែងកើតហេតុខាងលើ។ ក្រោយឃាត់ខ្លួនបុរសជាជនសង្ស័យត្រូវបានបញ្ជូនមកការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕