ខេត្តកំពង់ឆ្នាំង ៖ អ្នកយកពត៏មានយើងទទួលបាន នៅវេលាម៉ោង 8និង 30នាទីព្រឹកថ្ងៃទី 29 ខែធ្នូ មានករណីអគ្គីភ័យមួយបានឆាបឆេះ នៅដេប៉ូលក់ហ្គាស និងស្ថានីយ និងប្រេងឥន្ធនៈ នៅចំណុចជិតដំរីស ស្ថិតនៅ ក្នុងភូមិព្រៃពួច ឃុំជ្រៃបាក់ ស្រុករលាប្អៀរ បណ្ដាលអោយមាន ការភ្ញាក់ផ្អើល ព្រោះតែការឆេះនេះពាក់ព័ន្ធ កន្លែងស្តុកធុងហ្គាស់ ជាច្រើនផងដែរ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចនគរបាលមូលដ្ឋានបានប្រាប់ ជាបឋមថា អគ្គីភ័យដែលបានឆាបឆេះ ដេប៉ូលក់ហ្គាស់និងប្រេងឥន្ធនៈ ខាងលើមានម្ចាស់ ឈ្មោះ រុំ បានបើកអាជីវកម្ម ច្រើនឆ្នាំណាស់មកហើយ ដោយមានលក់ហ្គាសមួយចំហៀង និងលក់ប្រេងឥន្ធនៈមួយចំហៀង ហើយចំពោះការឆាបឆេះនេះ គឺឆេះផ្នែកខាងស្តុបធុងហ្កាស់ ។
ចំពោះមូលហេតុ នៃការឆាបឆេះនេះគឺបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ចំណែកឯការខូចខាតគឺខូចខាតតែសម្ភារៈ មានដេប៉ូនិងសម្ភារៈជាច្រើនទៀត ប៉ុន្តែមិនបណ្ដាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ ពេលនេះសមត្ថកិច្ចនគរបាលកំពុងតែត្រួតពិនិត្យ និង ប្រមូលរបាយការ បូកសរុប នៃការខូចខាត ។
ក្នុងកិច្ចអន្តរាគមន៍ខាងលើនេះដែរកម្លាំងសមត្ថកិច្ចនគរបាលយើងបានប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យអស់ចំនួន៥គ្រឿងទើបគ្រប់គ្រងសភាពការណ៍បាន ៕សុខ គឹមសៀន ពត៏មានបឋម





































