ខេត្តត្បូងឃ្មុំ : ក្នុងពិធីសំណេះសំណាលជាមួយ មេឃុំ ចៅសង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាល ក្នុងខេត្តត្បូងឃ្មុំ នាព្រឹក ថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០២១ នេះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត ត្បូងឃ្មុំ បានថ្លែងថា សមត្ថភាព ទេពកោសល្យខ្ពស់ គុណធម៌ និងសីលធម៌ល្អរបស់ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត គឺពិតជាសក្តិសមបំផុតសំរាប់បេក្ខភាពអនាគតនាយករដ្ឋមន្ត្រី កម្ពុជា ។
ក្នុង កិច្ចប្រជុំ នោះដែរ ឯកឧត្តមអភិបាលខេត្ត បានធ្វើការកោតសរសើរ ពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរកងកម្លាំងទាំងបីនៃខេត្តត្បូងឃ្មុំ អាជ្ញាធរក្រុង-ស្រុក ក៏ដូចជាឃុំ-សង្កាត់ លើការអភិវឌ្ឍន៍ខេត្ត ឱ្យកាន់តែមានសោភណ្ឌភាព ដើម្បីទទួលស្វាគមន៍ដល់ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត និងទាក់ទាញអ្នកវិនិយោគផងដែរ។
ឯកឧត្តម អភិបាលខេត្ត បានលើកនូវបទពិសោធន៍ និងអនុសាសន៍ល្អៗមួយចំនួន ដើម្បីជាមូលដ្ឋានសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ យកទៅអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ក្នុងការឆ្លើយតបនូវរាល់បញ្ហាទាំងឡាយដែលកើតមានកន្លងមក ដើម្បីធ្វើការកែប្រែ ប្រកបទៅដោយសន្តិវិធី ក្នុងការបម្រើដល់ប្រជាពលរដ្ឋ ដើមី្បជាទំនុកចិត្តរបស់ជាពិសេស គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព។
ជាមួយគ្នានោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ ក៏បានគូសបញ្ជាក់បន្ថែមទៀតថាជាការពិតណាស់ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺជាយុវជនបន្តវេនពោរពេញដោយសក្ដានុពល និងជា ឥស្សរជនខ្មែរវ័យក្មេងដ៏ឆ្នើមមួយរូប ប្រកបដោយសមត្ថភាព ទេពកោសល្យ បទពិសោធន៍ គុណធម៌ សីលធម៌ ចរិយា សម្បត្តិ និងភាពជាអ្នកដឹកនាំជាន់ខ្ពស់ ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងបេសកកម្ មដើម្បីបុព្វហេតុជាតិ មាតុភូមិ និង ប្រជាជនកម្ពុជា ជាពិសេសក្នុងដំណាក់កាលប្រយុទ្ធ និងទប់ស្កាត់ ការឆ្លងរាលដាលជាសកលជំងឺកូវីដ-១៩ ពោលគឺពិតជា សក្តិសមបំផុតសម្រាប់ធ្វើជាបេក្ខភាព នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលអនាគត ៕





































