ក្តោបមុខសញ្ញាប្រើប្រាស់ថ្នាំញៀន ៥៥ នាក់ មានជនជាតិថៃ ៥០ នាក់ និងខ្មែរ ៥ នាក់

0

អន្តរជាតិ.ក្រុមប្រើប្រាស់ថ្នាំញៀន និងថ្នាំគ្រវី សរុបចំនួន ៥៥ នាក់ ត្រូវបានកម្លាំងតម្រួតថៃ ក្រសោបបានទាំងសំបុក ខណ:ដែលពួកគេកំពុងប្រមូលផ្តុំគ្នានៅតាមបន្ទប់ជាច្រើន ក្នុងភោជនីយដ្ឋានមួយកន្លែង នាថ្ងៃឆ្លងឆ្នាំសកល។

កិច្ចប្រតិបត្តិការដែលធ្វើឡើងដោយកម្លាំងតម្រួតថៃ នៃអធិការដ្ឋានអារញ្ញប្រាថេត និងកម្លាំងខេត្តស្រះកែវ បានប្រព្រឹត្តឡើង នៅវេលាម៉ោងប្រមាណ ៣ ទៀបភ្លឺនាថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ២០២១ ត្រង់ចំណុច ក្នុងភោជនីយដ្ឋានមួយកន្លែង ស្ថិតក្នុងភូមិ៤ ឃុំបានម៉ៃណងសៃ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ។

នៅក្នុងកិច្ចប្រតិបត្តិការនេះ កម្លាំងបានក្តោបភ្ញៀវដែលទៅកំសាន្តសប្បាយនៅតាមបន្ទប់ VIP ជាច្រើនបន្ទប់ ដោយមានស្រីស្អាតៗនៅចាំចាក់ស្រាកំដរ ដែលក្នុងមួយបន្ទប់មានមនុស្សចាប់ពី៥ ទៅ៨នាក់ សរុបចំនួន ៥៥ នាក់ ( ស្រី ២៣ នាក់ ) ក្នុងនោះថៃចំនួន ៥០ នាក់ និងខ្មែរ ៥ នាក់។

ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបានរកឃើញវត្ថុតាងនៅតាមបន្ទប់នីមួយៗ មានថ្នាំញៀនប្រភេទម៉ាទឹកកក និងប្រភេទ ខេតាមីន មួយចំនួនផងដែរ។

ដោយឡែកសម្រាប់មុខសញ្ញាទាំងអស់ ពេលបញ្ជូនដល់អធិការដ្ឋានស្រុកអារញ្ញប្រាថេត សមត្ថកិច្ចបានពិនិត្យទៅលើទឹកនោមដើម្បីរកសារធាតុញៀន បានរកឃើញអ្នកវិជ្ជមានចំនួន ៤២ នាក់ ដោយឡែកម្ចាស់ទីតាំងឈ្មោះ ថុត ផល ភេទប្រុស អាយុ ៣២ ឆ្នាំ ក៏ត្រូវបានឃាត់ខ្លួនដែរ ៕ អត្ថបទ : ព្រាប.ស