មន្ត្រីសូម៉ាលីមួយរូបប្រកាសថា មនុស្ស១២នាក់បានត្រូវស្លាប់កាលពីចុងសប្តាហ៍ កន្លងមកនេះ ក្នុងការវាយប្រហារមួយរបស់ពួក SHEBAB ប្រឆាំងវិមានប្រធានាធិបតីនៅទីក្រុងម៉ូហ្គាឌីស្យូ ។ រដ្ឋមន្ត្រីសន្តិសុខជាតិលោកអាប់ដែលការីម ហ៊ូសេនហ្គូឡេដ គូសបញ្ជាក់ថា ជនវាយប្រហារ៩នាក់ ក្នុងនោះមានជនអត្តឃាត២នាក់បានត្រូវស្លាប់ពេលពួកគេប៉ុនប៉ងលុក ចូលក្នុងវិមានប្រធានាធិបតី ។
ខាងផ្នែករដ្ឋាភិបាលវិញមានអ្នកស្លាប់៣នាក់ ក្នុងនោះមានមន្ត្រី២នាក់ និងទាហានម្នាក់ ។ រថយន្តផ្ទុកគ្រឿងផ្ទុះមួយបានផ្ទុះនៅមុខទ្វារចូលវិមានប្រធានា ធិបតី មុនពេលពួក SHEBAB ប៉ុនប៉ងលុកចូលក្នុងវិមាន ។ យោងតាមរដ្ឋមន្ត្រីរូបនេះថា កងទ័ពសូម៉ាលី និងកងទាហានមួកខៀវអាហ្វ្រិកបានវាយរុញច្រានការវាយលុកនោះ ។
អ្នកទទួលខុសត្រូវសូម៉ាលី២នាក់ស្លាប់ក្នុងការវាយប្រហារនេះមាន លេខាធិការមួយរូបរបស់នាយករដ្ឋមន្ត្រី និងអតីតមន្ត្រីស៊ើបការណ៍ម្នាក់ ។ ប្រធានាធិបតីសូម៉ាលីលោកហ៊ូសាន់ស៊ិកម៉ូហាមូដ បានថ្កោលទោសការវាយប្រហារនេះដោយចាត់ទុកថាជាអំពើភេរវកម្ម ។ ចំណែក បេសកជនពិសេសអ.ស.ប ប្រចាំប្រទេសសូម៉ាលី លោក NICHOLAS KAY ក៏បរិហារការវាយប្រហារនេះប្រឆាំងវិមានប្រធានាធិបតីដែរ ដោយលោកចាត់ទុកថាជាអំពើឧក្រិដ្ឋដោយអស់សង្ឃឹមថ្មីមួយ ។
លោកគូសបញ្ជាក់ថា អ.ស.ប និងសហគមន៍អន្តរជាតិនៅតែប្តេជ្ញាចង់ឃើញប្រទេសសូម៉ាលីថ្មីមួយ ហើយនឹងបន្តជួយសូម៉ាលីក្នុងការធ្វើឱ្យសភាពការណ៍មានស្ថេរភាព ហើយកសាងឡើងវិញបណ្តាស្ថាប័នរបស់ខ្លួន ៕