អ្នកទេសចរសម្រុកមកសំរាក លម្ហែ ឆ្លងឆ្នាំសកលនៅខេត្តកែប ដូចទឹកបាក់ទំនប់ ប៉ុន្តែតម្លៃសេវាទេសចរណ៍ហាក់ពុំមានការឡើងថ្លៃពេកទេ

0

(ខេត្តកែប)៖ ថ្វីដ្បិតភ្ញៀវទេសចរសម្រុកមកសំរាក លម្ហែ កម្សាន្តនៅរមណីយដ្ឋានខេត្តកែបដូចទឹកបាក់ទំនប់ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ម្សិលមិញ ប៉ុន្តែបើផ្តោតលើតម្លៃសេវាស្នាក់នៅ ក៏ដូចជាការលក់ដូរចំណីអាហារ និងការជួលកន្លែងអង្គុយលម្ហែ ឬហូបចុក ហាក់ពុំមែនមានការតម្លើងថ្លៃហួសហេតុពេកនោះដែរ។នេះបើតាមការប្រាប់ឱ្យដឹង ពីលោក សោម ចិន្តា ប្រធានមន្ទីរទេសចរណ៍ខេត្តកែប។

ប្រធានមន្ទីរទេសចរណ៍បានបញ្ជាក់ទៀតថា ក្នុងឱកាសថ្ងៃឆ្លងឆ្នាំសកលនេះ ស្របពេលស្ថានភាពជំងឺកូវីដ-១៩ ថមថយចុះផងនោះ ភ្ញៀវទេសចរភាគច្រើនមកពីបណ្តាខេត្តផ្សេងៗបានសម្រុកមកសម្រាក លម្ហែ ដើម្បីអបអរសាទរឆ្លងឆ្នាំសកលយ៉ាងច្រើនកកកុញ ប៉ុន្តែសេវាស្នាក់នៅ និងសេវាផ្នែកបម្រើម្ហូបអាហារពុំមានការឡើងថ្លៃហួសហេតុពេកទេ ដោយអាចឡើងបន្តិចបន្តួចខុសថ្ងៃធម្មតាប៉ុណ្ណោះ។លោកប្រធានបានបន្តថា ចំពោះភ្ញៀវទេសចរដែលមកសម្រាក លម្ហែ នៅខេត្តកែប នាថ្ងៃឆ្លងឆ្នាំ(ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ឆ្លងចូលថ្ងៃទី០១ ខែមករា ឆ្នាំ២០២២) មានចំនួនសរុប ៦៦,១៣៥នាក់ ក្នុងនោះមានភ្ញៀវជាតិចំនួន៦៥,៩៧៩នាក់ ភ្ញៀវអន្តរជាតិចំនួន ១៥៦នាក់ និងមានរថយន្តធំ-តូច ចូលមកទស្សនាសរុប ៧,៩៩៥គ្រឿង។

លោក សោម ចិន្តា បានឱ្យដឹងបន្ថែមថា ថ្វីដ្បិតក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលមានមនុស្សមកសម្រាក លម្ហែ កម្សាន្ត នៅខេត្តកែបច្រើនហួសពីការស្មាន ប៉ុន្តែសេវាស្នាក់អាស្រ័យ ពិសេសការជួលកន្លែងអង្គុយពិសារអាហារពុំមានការតម្លើងថ្លៃហួសហេតុពេកដែរ ដោយខ្ចូសនិមួយៗកាលថ្ងៃធម្មតាត្រឹម១០ដុល្លារ លុះដល់ថ្ងៃពិសេសដែលមាន១ឆ្នាំម្តងបែបនេះ អាចឡើងត្រឹម១៣ ទៅ១៥ដុល្លារប៉ុណ្ណោះ(អាស្រ័យលើភ្ញៀវអង្គុយយូរ ឬឆាប់)។ដោយឡែកសម្រាប់ការក្រាលកន្ទេលតាមមាត់ឆ្នេរ ឬក្រោមដើមឈើ ក្នុងកន្ទេល១តម្លៃត្រឹម៥ដុល្លារដូចថ្ងៃធម្មតា តែក៏មានកន្លែងខ្លះឡើងថ្លៃបន្តិចបន្តួចដែរ។

លោក ឯម រតន៍មុន្នី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកែប បានឱ្យដឹងដែរថា បើទោះជាក្នុងឱកាសបុណ្យឆ្លងឆ្នាំសកលមានភ្ញៀវទេសចរចូលមកលេងខេត្តកែបច្រើនកកកុញ តែតម្លៃគ្រឿងសមុទ្រក៏មិនមានការឡើងថ្លៃហួសប្រមាណនោះដែរ ព្រោះបច្ចុប្បន្ននេះ អាជីវករលក់ដូរនៅខេត្តកែបពិតជាមានការយល់ដឹងច្រើនក្នុងរបររកស៊ីរបស់ពួកគាត់ ម្យ៉ាងទៀតអាជីវករមិនហ៊ានតម្លើងថលៃទំនិញ ព្រោះមានបំណងលក់ប្រជែងទីផ្សារក្នុងស្រុក ពោលគឺលក់ចំណេញតិច តែលក់បានច្រើន ប្រសើរជាងលក់ថ្លៃតែបាត់បង់អតិថិជន។

ក្នុងឱកាសបុណ្យឆ្លងឆ្នាំសកល(២០២១-២០២២)នេះ គេសង្កេតឃើញកម្លាំងសមត្ថកិច្ចចម្រុះ ចុះអន្តរាគមន៍ រៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ រក្សាសុវត្ថិភាពជូនភ្ញៀវ នៅគ្រប់ទីកន្លែង ដោយពុំមានបទល្មើសណាមួយកើតឡើងគួរឱ្យកត់សម្គាល់ឡើយ៕ សេង ណារិទ្ធ