ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១០០គ្រួសារ បានទទួលអំណោយមនុស្សធម៌ ពីក្រុមហ៊ុនផលិតកំបោរ ទឹកកកភ្នំមាស ស្រុកកំពង់ត្រាច

0

(ខេត្តកំពត)៖ ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន១០០គ្រួសារ មកពីឃុំចំនួន៣ ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត ត្រូវបានទទួលអំណោយមនុស្សធម៌ ពីក្រុមហ៊ុនផលិតកំបោរ ទឺកកកភ្នំមាស ស្រុកកំពង់ត្រាច ខេត្តកំពត។

ការផ្តល់អំណោយមនុស្សធម៌នេះ បានធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត ស្ថិតក្នុងបរិវេណក្រុមហ៊ុនផលិតកំបោរ ទឹកកកភ្នំមាស ដែលមានទីតាំងក្នុងទីរួមស្រុកកំពង់ត្រាច កាលពីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១។

តាមរបាយការណ៍ របស់លោក អូន ខន អភិបាលស្រុកកំពង់ត្រាច បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលមកទទួលអំណោយមនុស្សធម៌របស់ក្រុមហ៊ុនផលិតកំបោរ ទឹកកកភ្នំមាស ព្រឹកនេះ មកពីឃុំចំនួន៣ នៃស្រុកកំពង់ត្រាច មានចំនួនរហូតដល់១១១គ្រួសារឯណោះ។លោកថា ពលរដ្ឋខាងលើសុទ្ធតែមានជីវភាពខ្វះខាត ជាពលរដ្ឋមានប័ណ្ណសមធម៌កម្រិត១ទៀតផង ហើយប្រជាពលរដ្ឋខាងលើ អាជ្ញាធរស្រុក តែងតែយកចិត្តទុកដាក់ទំនុកបំរុងតាំងពីដើមរហូតមកដល់ពេលនេះ ដោយមិនទុកឱ្យពួកគាត់ដាច់អាហារនោះឡើយ។

ក្នុងឱកាសផ្តល់អំណោយមនុស្សធម៌នេះ ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត បានលើកឡើងថា​ អំណោយដែលផ្តល់ជូនលោកតា លោកយាយ និងបងប្អូនប្រជាពលរដ្ឋនាពេលនេះ បើទោះជាមានតិចតួចក្តី តែក៏អាចដោះស្រាយបានមួយគ្រាដែរ។ជាមួយនេះដែរ ឯកឧ្តម បានជម្រាបជូនពលរដ្ឋទៀតថា ថ្វីដ្បិតស្ថានភាពជំងឺកូវីដ-១៩ មានការថយចុះក៏ពិតមែន ប៉ុន្តែបងប្អូនប្រជាពលរដ្ឋមិនត្រូវធ្វេសប្រហែសឡើយ គឺគប្បីកុំភ្លេចអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល គឺ៣កុំ ៣ការពារ ព្រោះខណៈនេះមានវីរុសបំប្លេងថ្មីកំពុងរាតត្បាតនៅតាមបណ្តាប្រទេសមួយចំនួនទៀតហើយ ដូច្នេះបងប្អូនត្រូវតែប្រុងប្រយ័ត្នជានិច្ច។

ចំពោះអំណោយដែលបានផ្តល់ជូនប្រជាពលរដ្ឋក្នុងមួយគ្រួសារ រួមមាន៖ អង្ករ២៥គីឡូក្រាម មីខ្លាឃ្មុំក្រហម១កេះ ត្រីខ១យួរ ទឹកត្រី១យួរ និងថវិកាមួយចំនួនផងដែរ៕ សេង ណារិទ្ធ