កំពង់ឆ្នាំង៖អាជីវករលក់អង្ករនៅផ្សារលើម្នាក់បានរងគ្រោះខូចអង្ករនិងចំណីសត្វចំនួន៤៣ ការ៉ុង ធ្វើខាតបង់ទឹកប្រាក់ជាង១លានរៀល ព្រោះតែមេការនិងកម្មករក្រុមហ៊ុនទឹកស្អាតអានកូ ធ្វើការធ្វេសប្រហែសបណ្តាលអោយធ្លាយទុយោទឹក បាញ់ទឹកចូលក្នុងផ្ទះលក់អង្ករ ជាងកន្លះម៉ោង តែម្ចាស់ក្រុមហ៊ុនអានកូមិនទទួលខុសត្រូវសង។ករណីនេះបានកើតឡើង នៅវេលាម៉ោង៧និង១៥នាទីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៤នៅផ្ទះលក់អង្ករនិងចំណីសត្វ នៅខាងត្បូងផ្សារលើក្នុងភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ លោក ប៊ុន ហាក់ អាយុ៥៤ឆ្នាំ ជាម្ចាស់ផ្ទះលក់អង្ករបាននិយាយអោយដឹងថា៖នៅ ពេលខាងលើ ទុយោទឹកស្អាតរបស់ក្រុមហ៊ុនអានកូ បានផ្ទុះទុយោតូចប៉ុនមេជើងធ្លាយទឹក
បាញ់ឡើងយ៉ាងខ្ពស់ ចំក្រោមដំបូលសង្ក័សីមុខផ្ទះរបស់គាត់ ហើយទឹកទាំងនោះបានសាចធ្លាក់មកលើអង្ករ និងចំណីសត្វដែលដាក់តាំងលក់ ធ្វើអោយទទឹកខូចខាតចំនួន៤៣ការ៉ុង ស្នើនិងទឹកប្រាក់ជាង១លានរៀល។ការផ្ទុះធ្លាយទុយោទឹកនេះមានរយះពេលជាងកន្លះម៉ោង ទើបមេការក្រុមហ៊ុនទឹកស្អាតអានកូមកដល់បិតទឹក។ នៅមុនពេលមេការក្រុមហ៊ុនឈ្មោះ កាន់ មកចោះទុយោធំតបំបែកដាក់ទុយោទឹកតូចដើម្បីតបណ្តាញទឹកដាក់តាមផ្ទះ គាត់ជាម្ចាស់ផ្ទះក៏បាននិយាយប្រាប់ លោក កាន់ ដែរ ថា សូមជួយមូលខ្ចៅបំបែកទុយោនោះអោយជាប់ផងប្រយត្ន័ធ្លាយទឹកបាញ់មកលើអង្ករ គាត់ខូច តែឈ្មោះ
កាន់ នោះបានឆ្លើយថា មិនអីទេមិនធ្លាយទេគាត់តបែបនេះ ជាច្រើន កន្លែងមកហើយមិនដែលអីទេ រហូតដល់ពេលខាងលើទុយោទឹកនេះក៏ធ្លាយទឹកបាញ់ចេញមកដូចគាត់សង្ស័យមែន។ នៅក្នុងហេតុការណ៍បង្កអោយមានការខូចខាតនេះលោក ប៊ុន ហាក់ ម្ចាស់ផ្ទះលក់អង្ករបានសុំអោយ លោក កាន់ មេការក្រុមហ៊ុនអានកូ សងការខូចខាតចំនួន២៥០ដុល្លា តែលោក កាន់ បានបដិសេធន៍ថានេះជារឿងឧប្បត្តិហេតុចៃដន្យក្រុមហ៊ុនមិនសងឡើយ។ នៅល្ងាចថ្ងៃទី២៩ និងនៅព្រឹកថ្ងៃទី៣០ ខែសីហានេះ លោក ប៊ុន ហាក់ បានព្យាយាមជួប លោក កាន់ ២ដង និងតំណាងក្រុមហ៊ុនអានកូទៅដល់ទីស្នាក់ការ
ក្រុមហ៊ុន ដើម្បីអោយក្រុមហ៊ុនទទួលខុសត្រូវសងការខូចខាតរបស់គាត់ តែភាគីក្រុមហ៊ុននៅតែមិនព្រមសង។ ករណីនេះលោក ប៊ុន ហាក់ បានអោយដឹងទៀតថា នៅថ្ងៃចន្ទ័ខាងមុខនេះ លោកនិងដាក់ពាក្យបណ្តឹងទៅអធិការនគរបាលស្រុកអោយជួយសម្របសំរួលដោះស្រាយអោយលោក បើក្រុមហ៊ុននៅតែបដិសេធន៍មិនព្រមសង លោកនិងប្តឹងចូលទៅតុលាការខេត្ត ជាបន្តទៀត លោកយល់ថាម្ចាស់ក្រុមហ៊ុនគឺជាលោកឧកញ្ញាដ៏មានទ្រព្យសម្បត្តិម្នាក់ មិនគួររឿងតូចតាចប៉ុណ្ណឹងគ្មានលទ្ធភាពដោះស្រាយឡើយ រឿងនេះប្រហែលជាកូនចៅលោក មិនអោយលោកឧកញ្ញាដឹងទេ ទើបគ្មានអ្នកដោះស្រាយអោយ៕