ខេត្តតាកែវ ៖ ជនសង្ស័យពាក់ព័ន្ធគ្រឿងញៀនខុសច្បាប់២នាក់ត្រូវបានប៉ូលីសឃាត់ខ្លួនបន្ទាប់ពីឆែកឆេររកឃើញវត្ថុតាងនៅជាប់ខ្លួន។
ការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នេះគឺនៅថ្ងៃទី០២ ខែមករា ឆ្នាំ២០២២វេលាម៉ោង០៥និង១០នាទីទៀបភ្លឺ ដោយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយប៉ុស្តិ៍រដ្ឋបាលលាយបូរ ខណៈសមត្ថកិច្ចធ្វើការចេញល្បាតចំណុចលើផ្លូវលំ ស្ថិតនៅភូមិធ្នង់រលើង ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ។
ជនសង្ស័យមានឈ្មោះ ទឹម រតនា ភេទប្រុសអាយុ ២៧ឆ្នាំ និងឈ្មោះ អ៊ុង សារ៉ុម ភេទប្រុស អាយុ២៨ឆ្នាំ ទាំង២នាក់រស់នៅភូមិ អូរស្វាយចេក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។ ចំណែកវត្ថុតាងដកហូតរួមមាន ម្សៅក្រាមពណ៌សសង្ស័យជាសារធាតុញៀន០១កញ្ចប់តូច និងម៉ូតូ០១គ្រឿងផងដែរ។
បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ធ្វើការសាកសួរដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕ ពូស្មីត




































