ឃាតកម្មក្នុងមណ្ឌលចត្តាឡីស័ក សង្ស័យដោយសារភ្លើងប្រច័ណ្ឌ

0

ខេត្តបាត់ដំបង: យុវជនម្នាក់បានស្លាប់យ៉ាងអាណោចអាធ័ម ក្នុងសភាពដាច់ក្បាល បន្ទាប់ពីមានការផឹកសុីនៅក្នុងមណ្ឌលចត្តាឡីស័ក ហើយក៏មានការទាស់ទែងគ្នាដោយសារបញ្ហាភ្លើងប្រច័ណ្ឌ។

ករណីឃាតកម្មនេះបានកើតឡើងនៅវេលាម៉ោង ៩ យប់ ថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ត្រង់ចំណុចក្នុងមណ្ឌលចត្តាឡីស័កមួយកន្លែង ស្ថិតក្នុងភូមិល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

យោងតាមព័ត៌មានបឋមដែលយើងទទួលបានពីប្រភពដែលនៅក្នុងមណ្ឌលបាននិយាយថា នៅមុនពេលកើតហេតុ គេឃើញក្រុមយុវជនទាំងនេះ មានការជួបជុំផឹកសុី ហើយក៏បានទាស់សម្តីគ្នាដោយសារភ្លើងប្រច័ណ្ឌ ទើបឈានដល់ការបបួលវ៉ៃគ្នានៅក្នុងអគារដែលគ្មានអ្នកស្នាក់នៅ។

ប្រភពដដែលបានបន្តថា នៅពេលនោះគេគ្រាន់តែដឹងថា ភាគីរងគ្រោះតែម្នាក់ឯង ឯភាគីបង្កមានបក្ខពួកជាង១០នាក់ ថែមទាំងមានដាវសាំម៉ូរ៉ៃទៀតផង ទើបមានការកាប់ផ្តាច់ក្បាលចេញពីស្មាស្លាប់ភ្លាមមួយរំពេច ព្រោះដាវផលិតនៅប្រទេសថៃ។

ក្រោយពេលកើតហេតុមានជនបង្ក៣នាក់ បានយកអាវខ្មៅទៅគ្របលើលួសបន្លា ហើយពួកគេបានផ្លោះចេញក្រៅមណ្ឌលដោយរត់គេចខ្លួនបាត់ស្រមោល ដោយឡែកអ្នកពាក់ព័ន្ធមួយចំនួន ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅកាន់អធិការដ្ឋានដើម្បីសាកសួរ។

ប្រជាពលរដ្ឋដែលរស់នៅក្នុងមណ្ឌលធ្វើចត្តាឡីស័ក បានសំណូមពរដល់អាជ្ញាធរ ក៏ដូចជាសមត្ថកិច្ច មេត្តាពង្រឹង និងរឹតបន្តឹងការការពារ ក៏ដូចជាការត្រួតពិនិត្យទៅលើសម្ភារ:ដែលបាននាំចូល ព្រោះការធូររលុងនេះបានធ្វើអោយពួកគាត់មានការព្រួយបារម្ភអំពីសុវត្ថិភាព ដោយសារតែមានការនាំយកដាវសាំម៉ូរ៉ៃចូលបាន ថែមទាំងអាចយកស្រាចូលទៅផឹកក្នុងមណ្ឌលទៀត។ ថ្មីៗនេះមានការបែកធ្លាយមកថា អ្នកយាមការនៅមណ្ឌលមានការយកលុយកាក់ ដោយបើកដៃអោយឈ្មួញយកទំនិញផ្សេងៗចូលទៅលក់ក្នុងមណ្ឌល ឬខាងមុខមណ្ឌលថែមទៀតផង ដែលបញ្ហានេះគួរតែអាជ្ញាធរពិនិត្យឡើងវិញ ៕ អត្ថបទ : ព្រាប.ស