ទីបំផុតចាប់ឃាតករបាន១នាក់ចំណេក២នាក់ទៀតរត់រួចរឿងឃាតកម្មក្នុងមណ្ឌលចត្តាឡីស័ក

ខេត្តបាត់ដំបង ៖ ឃាតករម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុងចំណោមបក្ខពួក៣នាក់ ក្រោយពីបានកាប់ និងចាក់ ទៅលើយុវជនម្នាក់រហូតដល់ស្លាប់នៅនឹងកន្លែងធ្វើចត្តាឡីស័ក ដោយសារភាពធូររលុងរបស់អាជ្ញាធរ និងសមត្ថកិច្ច។

គួរបញ្ជាក់ថា នៅថ្ងៃទី០១ខែមករាឆ្នាំ២០២២ វេលា ម៉ោង២១និង៣៨នាទី ត្រង់ចំណុចមណ្ឌលធ្វើចត្តាឡីស័ក (អតីត រោងចក្រ ម្សៅ មី ) ស្ថិតក្នុងភូមិ អូរល្វាឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណីអំពើហិង្សា បង្កឡើងដោយជនសង្ស័យចំនួន ០៣ នាក់ បណ្តាលឲ្យបុរសម្នាក់ស្លាប់បាត់បង់ជីវិត ។

ជនសង្ស័យទាំង៣នាក់មានឈ្មោះ ១. លី សុខា ភេទប្រុស អាយុ២៩ឆ្នាំ មានទីលំនៅភូមិអូបេង ឃុំមេសរជ្រៃ ស្រុក ស្ទឹងត្រង់ខេត្តកំពង់ចាម (រត់គេច ខ្លួន)។ ២. ឈ្មោះ ទិន ស៊ីញៀន ភេទប្រុសអាយុ ២៥ ឆ្នាំ មានទីលំនៅ ភូមិ ព្រៃឈៀងឃុំឬស្សីសាញ់ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង (រត់គេចខ្លួន) និង ៣. ឈ្មោះ ម៉ៅ ស៊ីណា ភេទ ប្រុសអាយុ ២៩ឆ្នាំ មានទីលំនៅ ភូមិអង្ក្រង ឃុំអង្ក្រង ស្រុកមោងឫស្សី ខេត្តបាត់ដំបង (ឃាត់ខ្លួន បាន) បានធ្វើ សកម្មភាព យកដាវសាំម៉ូរ៉ៃនិងកូនកាំបិតកាប់ចាក់ទៅលើជនរងគ្រោះម្នាក់ឈ្មោះ ជេ ជាក់ ភេទប្រុសអាយុ២៣ឆ្នាំ មានទីលំនៅភូមិ ស្វាយខ្មៅ ឃុំពន្លៃ​ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បច្ចុប្បន្នស្នាក់នៅធ្វើចត្តាឡីស័ក ក្នុងមណ្ឌល ជាមួយគ្នាបណ្ដាលឲ្យរងរបួសចំហៀងខាងឆ្វេង និង ស្មាចំហៀងខាងឆ្វេងចំនួន ០៤ កន្លែង ធ្ងន់ធ្ងរបណ្ដាលឲ្យស្លាប់ នៅកន្លែងកើតហេតុ ។

ក្នុងករណីនេះដោយអនុវត្តតាមយោយោបល់របស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបងនិងមានការឯកភាពពីលោកព្រះរាជអាជ្ញាកែវសុជាតិផងនោះទើបលោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាល ស្រុកសំពៅលូន បានដឹកនាំកម្លាំងចុះធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ យកមក អធិការដ្ឋាននគរបាល ស្រុកសំពៅលូនធ្វើការសាកសួរ និង កសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី ៕ អត្ថបទ : ព្រាប.ស