ថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងការពារជាតិចុះសួរសុខទុកកងទ័ពជួរមុខទិសទី១ប្រាសាទព្រះវិហារ ក្នុងឱកាសអបអរសាទរខួប៤៣ឆ្នាំ ១៩៧៩ដល់២០២២

ព្រះវិហារ៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំការក្រសួងការពារជាតិតំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្ដីក្រសួងការពារជាតិ បានដឹកនាំប្រតិភូ ចុះជួបសំណេះសំណាល សាកសួរសុខទុកនាយទាហាន នាយទាហានរង ក្នុងឱកាសអបអរសាទរអនុស្សាវរីយ៍ ខួប៤៣ឆ្នាំ ១៩៧៩-២០២២ ។

ពិធីនេះបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃច័ន្ទ ១កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ នៅទីបញ្ជាការកងពលតូចអន្តរាគមន៍លេខ៨ ស្ថិតក្នុងភូមិ មរតកតេជោ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ ក្រោមការទទួលស្វាគមន៍ពីសំណាក់ឧត្តមសេនីយ៍ត្រី ច័ន្ទ សុខុន មេបញ្ជាការកងពលតូច អន្តរាគមន៍លេខ៨ នឹងនាយទាហាន នាយទាហានរងជាច្រើនរូប ។

នៅក្នុងឱកាសនោះ នាយឧត្តមសេនីយ៍ នាង ផាត បានថ្លែងការកោតសរសើរពីសំណាក់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៅក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៨ ដែលបានអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ បានយ៉ាងល្អប្រសើរ នឹងមានប្រសិទ្ធិភាពខ្ពស់ ពិសេសការគោរពវិន័យ សណ្ដាប់ធ្នាប់ របស់កងទ័ព រក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុងបានយ៉ាងរឹងមាំ ។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំការក្រសួងការពារជាតិ មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ធ្វើឱ្យកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។ ជាក់ស្តែងសម្តេចបានយកអស់ កម្លាំងកាយចិត្តក្នុងការទប់ស្កាត់ ការចម្លងឆ្លងរាលដាលនៃមេរោគកូវីដ១៩ តាមរយៈការផ្តល់វ៉ាក់សាំង និងការណែនាំ «៣កុំ និង៣ការពារ» ជាមួយនឹងការអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ។

ជាថ្មីម្តងទៀត ឯកឧត្តម នាយឧត្តមសេនីយ៍ នាង ផាត បានថ្លែងនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះសមិទ្ធិផលដែលសម្រេចបាន ក្រោមការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នៅក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៨។ ជាមួយនឹងការគាំទ្រ ការសម្រេចជាឯកច្ឆន្ទរបស់អង្គសន្និបាទគណៈកម្មាធិការកណ្តាលលើកទី៤៣ ដែលជ្រើសតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនៅថ្ងៃអនាគត៕ សួនលីណា