ប្រទេស សេណាហ្គាល់ ដែលជារដ្ឋមួយស្ថិតក្នុងចំណោមប្រទេសនៅអាហ្វ្រិកខាងលិច បានក្លាយជាប្រទេសទីប្រាំហើយ ដែលមេរោគអ៊ីបូឡា ក៏កាចសាហាវនេះ វាយលុកទៅដល់កាលពីថ្ងៃសុក្រ ខណៈនៅប្រទេស ហ្គីណេ ដែលមានអ្នកស្លាប់ច្រើន ដោយសារតែជំងឺនេះ ក៏បានកើតឡើងនូវកុប្បកម្ម តវ៉ាផងដែរពាក់ព័ន្ធ នឹងករណីឆ្លងនេះ។ យោងតាមសារព័ត៌មាន GMA News ចេញផ្សាយនៅថ្ងៃសៅរ៍ ទី៣០ ខែសីហា ឆ្នាំ២០១៤ថា ការស្លាប់ដែលបណ្តាល មកពីជំងឺអ៊ីបូឡានេះ បានធ្វើឲ្យរដ្ឋាភិបាល ប្រទេសមួយចំនួន អំពាវនាវឲ្យ ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ប្រឹងប្រែងដើម្បី បញ្ឈប់នៃការរីក
រាលដាលនៃជំងឺនេះ។ ពាក់ព័ន្ធនឹងជំងឺអ៊ីបូឡា យ៉ាងហោចណាស់ មានមនុស្សចំនួន ១.៥៥០នាក់ហើយបានស្លាប់ និងច្រើនជាង ៣.០០០នាក់ទៀតបានឆ្លង ចាប់តាំងពីវាបានផ្ទុះឡើង ចេញពីតំបន់ព្រៃដាច់ស្រយាលមួយ ស្ថិតនៅភាគអាគ្នេយ៍ប្រទេស ហ្គីណេ កាលពីខែមីនា ហើយក៏បានរីករាលដាល យ៉ាងឆាប់រហ័សចូលទៅប្រទេសជិតខាង រួមមាន ប្រទេស លីបេរីយ៉ា និងប្រទេស សេរ៉ាឡេអូនជាដើម។ ចំណែកអង្គការសុខភាពពិភពលោកវិញ កាលពីថ្ងៃព្រហស្បតិ៍ ក៏បានព្រមានថា តួលេខពិតប្រាកដ អំពីករណីឆ្លងជំងឺអ៊ីបូឡា អាចនឹងកើនឡើងខ្ពស់ ជាងមុនបួនផង គឺមានចំនួនសរុប ២០.០០០នាក់ មុនពេលការផ្ទុះឡើងនៃជំងឺនេះបញ្ចប់។ ដោយឡែកនៅទីក្រុង សឺរ៉េកូ ប្រទេស ហ្គីណេ ឯណោះវិញ កាលពីយប់ថ្ងៃ
ព្រហស្បតិ៍ ក៏មានការផ្ទុះកុប្បកម្មឡើងផងដែរ បន្ទាប់ពីលេចឭពាក្យចចាមអារ៉ាមដែលថា មានបុគ្គលិកសុខាភិបាលឆ្លងជំងឺអ៊ីបូឡានេះ។ កុប្បកម្មនោះគឺមានក្រុមយុវជនមួយក្រុម មានទាំងដំបង និងកាំបិទ បាននាំគ្នាដាក់ប៉ារាស់បិទផ្លូវឆ្លងកាត់ភាគខាងត្បូងក្រុង កាលពីថ្ងៃព្រហស្បតិ៍ ហើយបានគម្រាម វាយប្រហារមន្ទីរពេទ្យ មុនពេលដែលកងកម្លាំងសន្តិសុខស្តារភាពប្រក្រតីឡើងវិញ៕