កំពង់ឆ្នាំង ៖ ក្រុមការងារសមាគមចលនាយុវជនកម្ពុជា(ក១៥៧) សាខាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២២ បាននាំគ្នាយកអំណោយជាបាយកញ្ចប់សាច់ជ្រូកខ្វៃនិងថវិកា ទៅចែកជូនបងប្អូនកម្មកររើសសំរាម ចំនួន៣៥នាក់នៅក្នុងសួនច្បារវិមានឯករាជ្យនិងសួនច្បារមុខសាលាខេត្ត ក្នុងក្រុងកំពង់ឆ្នាំង ដើម្បីជួយសម្រាលដល់ការខ្វះខាត និងលើកទឹកចិត្តដល់បងប្អូនកម្មករយើង ។
លោក សយ ភូរី ជាម្ចាស់អំណោយដែលជាសមាជិក ក្រុមសមាគមចលនាយុវជនកម្ពុជា( ក.១៥៧ )សាខាខេត្តកំពង់
ឆ្នាំងបានឲ្យដឹងថា ដោយមានចិត្តអាណិត អាសូរដល់បងប្អូនជាកម្មករដែលកំពុងប្រមូលសំរាមយ៉ាងមមាញឹក តាមសួនច្បារក្រោយពីបញ្ចប់បុណ្យ ឆ្លងឆ្នាំសកល មានសំរាមដ៏ច្រើនតាមសួនច្បារនោះ នៅព្រឹកថ្ងៃទី០៤ ខែមករា នេះលោកនិងក្រុមគ្រួសារក៏បានចំណាយថវិកាទិញកូនជ្រូកខ្វៃ កណ្ដុរចំនួន១ក្បាល ដើម្បីកាប់សាច់វាដាក់ចំនួន៣៥កញ្ចប់ និងទិញបាយចំនួន៣៥ កញ្ចប់ផងដែរ ដើម្បីយកមកចែកជូនបងប្អូនកម្មករចំនួន៣៥នាក់ ដែលខិតខំប្រមូលនៅក្នុងសួនច្បារវិមានឯករាជ្យ និងសួនច្បារមុខសាលាខេត្ត ក្នុងក្រុងកំពង់ឆ្នាំង ជាមួយគ្នានេះដែរ លោក សយ ភូរី ក៏បានចែកថវិកា ដល់កម្មកររើសសំរាមក្នុងមួយនាក់ៗ ១ម៉ឺន រៀលផងដែរ ដើម្បីលើកទឹកចិត្តដល់បងប្អូនកម្មករ ដែលខិតខំប្រមូលសំរាមសំអាតទីក្រុងកំពង់ឆ្នាំង អោយមានអនាម័យនិងមានបរិស្ថានល្អ ។
បងប្អូនកម្មកររើសសំរាមក្រោយពីទទួលបានបាយកញ្ចប់ ដ៏ឆ្ងាញ់ពិសារនិងថវិកាម្នាក់ ១ ម៉ឺនរៀលនោះ ពួកគាត់ក៏បានលើកដៃសំពះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ ក្រុម ការងារ (១៥៧) ពិសេសលោក សយ ភូរី ជាម្ចាស់អំណោយ ដែលបានលះ បង់ថវិកា ទិញបាយកញ្ចប់ ចែកជូនដល់បងប្អូនយើង ពួកគាត់សូមគោរពជូនពរដល់លោកនិងក្រុមការងារ(១៥៧ )ទាំងអស់សូមឲ្យជួបប្រទះតែនឹងសេចក្តីសុខ និងទទួលជោគជ័យគ្រប់ភារកិច្ច ៕សុខ គឹមសៀន







































